​អង្គការ HALO Trust ផ្តល់​ដី​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១​លាន​នាក់ ក្នុង​រយៈពេល ៣០​ឆ្នាំ​

​នា​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទឹកដី​ខេត្តសៀមរាប ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរ មីន បានជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី ៣០​ឆ្នាំ នៃ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​របស់​អង្គការ HALO Trust នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩២ ជាមួយ​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ។​

​រយៈពេល ៣០​ឆ្នាំ ក្នុង​បេសកកម្ម​ការ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា អង្គការ HALO Trust ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​ផ្តល់​ដី​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​សហគមន៍​ប្រមាណ​ជា ១​លាន​នាក់ បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពីស​ង្គ្រោះ ក្នុង​ទំហំ​ផ្ទៃដី ៤៣៣ គីឡូម៉ែត្រ​ក្រឡា រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន​ចំនួន ៣២២.៥១៥ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២១២.២៦០​។​

​ឆ្នាំ​១៩៩២ គឺជា​ការចាប់ផ្តើម​បោសសម្អាត​មីន​មនុស្សធម៌​គ្រប់​ជ្រុងជ្រោយ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ដល់​ការធានា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ការឆ្លើយតប​នឹង​តម្រូវការ​មនុស្សធម៌​បន្ទាន់​មួយ និង​ដើម្បី​មាតុភូមិនិវត្តន៍ និង​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ដែល​ក្រោយមកទៀត​សកម្មភាព​មីន​បាន​វិវត្តន៍​ពី​ដំណាក់កាល​កសាងឡើង​វិញ​ក្រោយ​ជម្លោះ​ប្រដាប់អាវុធ ទៅជា​ដំណាក់កាល​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​។​

​អង្គការ HALO Trust គឺជា​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ​ដំបូង​គេ ដែល​មកជួយ​កម្ពុជា ក្នុងការ​ចាប់ផ្តើម​បោសសម្អាត​មីន​នៅក្នុង​ប្រទេស និង​បាន​ចូលរួម​ដឹកនាំ​ក្នុង​វិស័យនេះ​រហូតដល់​ពេលបច្ចុប្បន្ន​។ ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២២ អ្នកដោះមីន​អង្គការ HALO Trust បាន​ជួប​គ្រោះថ្នាក់​ក្នុងកំឡុងពេល​កំពុង​ប្រតិបត្តិការ ៥០​នាក់ ក្នុង​នោះបាន​ពលី​ចំនួន ៩​នាក់​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ​របស់​បុគ្គលិក​អង្គការ HALO Trust ដែល​បាន​លះបង់ និង​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន និង​ជួយសង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទោះបី​ជាមាន​ស្ថាន​ភាពលំបាក​យ៉ាងណាក៏ដោយ​។ បច្ចុប្បន្ននេះ អង្គការ HALO Trust មាន​បុគ្គលិក​ជាង ១១០០​នាក់ (​បរទេស ៦​នាក់​) ក្នុងនោះ​បុគ្គលិក​ជា​ស្ត្រី ៤៦%​។​

​ជាមួយគ្នានេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​កម្ពុជា និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឯកឧត្ដម ទេសរដ្ឋមន្ត្រី បាន ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ដ៏​សប្បុរស​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស ដល់​ការចូលរួម​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន និង​ការរួមចំណែក​ដែល​មិនអាច​ខ្វះ​បាន​របស់ អង្គការ HALO Trust ដើម្បី​ធ្វើការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។​

​ឯកឧត្ដម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ និង​សម្របសម្រួល​របស់លោក​ជំទាវ Tina Redshaw ដែល​បាន​តស៊ូ​យ៉ាង​ខ្លាំងក្លា​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​មីន​នៅ​កម្ពុជា ទោះបីជា​ចក្រភព​អង់គ្លេស បាន​កាត់បន្ថយ​ថវិកា​សម្រាប់​សកម្មភាព​មីន​ជា​សាកល​ក៏ដោយ ក៏​លោកជំទាវ Tina បានធ្វើការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ធានាឱ្យមាន​ផលប៉ះពាល់​អប្បបរមា​ម​កលើ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close