ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតថា មានស្ដ្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា និងសូមជម្រាបជូនសាធារណជនទាំង អស់ឱ្យបានជ្រាបថា មន្ទីរពេទ្យខេត្តសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្ត្រីរូបនេះ មានរោគសញ្ញា ចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបានសហការជាមួយក្រុមគ្រូ ពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះទៅសាកសួរពិនិត្យ ស្ថានភាពអ្នកជំងឺផ្ទាល់ និងបានយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅ ពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផល អវិជ្ជមានវិរុសអុតស្វា_នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្តើរៗ ក្រោមការជួយពិនិត្យ តាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុម គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណជនមេត្តាជ្រាប និងសូមចូលរួមអនុវត្ត វិធានការការពារការចម្លងវីរុសអុតស្វាទាំងអស់គ្នា តាមការណែនាំរបស់ក្រសួង ដែលបាន ចេញផ្សាយ ជារឿយៗ មកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។