សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ប្រជុំ​សភា នាព្រឹកនេះ

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​។​

​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦​នេះ បាន​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​ដូចខាងក្រោម​៖
១- ការសម្រេច​អំពី​សពុល​ភាព​នៃ​អាណត្តិ​របស់​ឯកឧត្តម ចាប ម៉ុង ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ជំនួស​ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន ដែល​បានទទួល​មរណភាព​។​
២- ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​វិសោធនកម្ម​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​
៣- ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​។​
៤- ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖ ១) កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​, ២) កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៥- ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close