ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញ “សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការគ្រប់គ្រងសហគមន៍ និងជំនាញចុងភៅចម្អិនម្ហូបអាហារ” សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល
ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ (Khmer Enterprise) និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការគ្រប់គ្រងសហគមន៍ និងជំនាញចម្អិនម្ហូបអាហារ” សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុងខេត្តកំពង់ឆ្នាំង។
ពិធីបើកវគ្គ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កែន សុភី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈយោគយល់ជាមួយសហគ្រិនខ្មែរ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដែលមាន ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកសហគ្រិនខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្តោតលើ “ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩” ដើម្បីជំរុញចលនាទេសចរណ៍ទៅកាន់តំបន់សហគមន៍ទេសចរណ៍សំខាន់ៗចំនួន ៥ រួមមានសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ និងសហគមន៍ទេសចរណ៍ចង្ក្រាន្តរយក្នុងខេត្តសៀមរាប សហគមន៍ទេសចរណ៍ទឹកធ្លាក់អូរជាំក្នុងខេត្តបាត់ដំបង សហគមន៍ទេសចរណ៍រាំងខ្វាវក្នុងខេត្តពោធិសាត់ និងសហគមន៍ទេសចរណ៍ស្រែអំពិលក្នុងខេត្តបាត់ដំបង។
សកម្មភាពសំខាន់ៗក្នុងគម្រោងនេះ រួមមានការផ្តល់ជូនវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់មួយចំនួន ការបណ្តុះគំនិតសហគ្រិនភាពនៅតាមសហគមន៍ ការរៀបចំវីដេអូផ្សព្វផ្សាយអំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញាចង្អុលទីតាំងសហគមន៍ និងការសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយតំបន់ខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។