កម្ពុជា ស្នើ​ឲ្យ​សហរដ្ឋអាមេរិក បន្ត​គាំទ្រ​ដល់​គ្រប់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​

​ភ្នំពេញ​៖ នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ លោក Sean Burke នាយក​កម្មវិធី​អភិវឌ្ឍន៍​និង​ស្រាវជ្រាវ​ការ​បោសសម្អាត​មីន​មនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់​សហរដ្ឋអាមេរិក ចូលជួប​ពិភាក្សា​ការងារ​ស្តីពី​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​ចំពោះ​កម្មវិធី HDR&D ដែល​បាន​ផ្តល់នូវ​សម្ភារៈ​បច្ចេកវិទ្យា​ទំនើប​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ហើយ​សម្ភារៈ​ទាំងនេះ​ពិតជា​បាន​ចូលរួម​ព​ន្លឿ​ន​ដល់​ការ​បោសសម្អាត​មីន​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​។ កម្មវិធី HDR&D បានផ្តល់​សម្ភារៈ​បច្ចេក​វិទ្យា​នេះ​គាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា អង្គការ HALO Trust អង្គការ MAG និង​អង្គការ NPA ។

​ក្នុងឱកាស​នោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានស្នើ​សុំអោយ​លោក Sean Burnke នាយក​កម្មវិធី បន្ត​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ដ​ល់​គ្រប់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​ដំណើរការ​នៃ​ការងារ​បោសសម្អាត​មីន​ឲ្យ​កាន់តែ​ប្រសើរឡើង ជាមួយនឹង​ការប្រើប្រាស់​សម្ភារៈ​បច្ចេក​វិទ្យា​ទំនើប​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close