ត្រៀម! ការកាត់ពិន្ទុលើបណ្ណបើកបរ នឹង​ធ្វើ​ឡើង​ចាប់​ពី​ខែកញ្ញា ឆ្នាំ​២០២២

កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបររបស់អ្នកល្មើសច្បាប់ចរាចរណ៍ តាមរយៈ​កម្មវិធីលើទូរសព្ទ(​App) នឹងចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោកជំទាវ កុយ សុដានី បានថ្លែងថា ​«ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានកម្មវិធីដកពិន្ទុនេះ សំដៅលើការ ដកពិន្ទុលើបណ្ណបើកបរយានយន្ត ដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញាតែម្ដង។ អ៊ីចឹងទេ…ត​ម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺបណ្ណបើកបរនឹងតែម្ដង»។

លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ថា ម្ចាស់យានយន្តទាំងអស់ គឺត្រូវភ្ជាប់ និងរក្សាទុកនូវ​ឯកសារដើមសំខាន់ចំនួន៣ដាក់ជាប់រថយន្ត ក្នុងនោះមាន បណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសយានជំនិះ ឬហៅថាឆៀក។ បើតាមលោកជំទាវ ឯកសារទាំង៣នេះ អាចបញ្ជាក់ថា​ ម្ចាស់យានជំនិះអាចបើកបរដោយត្រឹមត្រូវទៅតាមច្បាប់​។​ ម្ចាស់យានយន្តទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់ឯកសារ និងច្បាប់ចម្លងនោះទេ ពោលត្រូវប្រើប្រាស់ច្បាប់ដើមជាដាច់ខាត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បញ្ជាក់ថា គ្រប់បណ្ណបើកបរទាំងអស់ត្រូវមានពិន្ទុសរុប១២ពិន្ទុ។ ក្នុងករណីម្ចាស់បណ្ណបើកបរណា បានប្រព្រឹត្តបទល្មើសចរាចរណ៍ នឹងត្រូវកាត់១ពិន្ធុ ដល់៦ពិន្ទុ ទៅតាមបទល្មើសចរាចរណ៍ដែលបានប្រព្រឹត្ត​។ ប្រសិនម្ចាស់បណ្ណបើកបរ ត្រូវបានកាត់អស់ពិន្ទុ បណ្ណបើកបររបស់ពួកគេនឹងអស់សុពលភាព។ ប៉ុន្តែករណីដែលពួកគេចង់បានបណ្ណបើកបរថ្មី គឺពួកគេត្រូវតែរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញត្រឹមរយៈពេលយ៉ាងតិច៦ខែ ចាប់ពីថ្ងៃដែលបណ្ណបើកប​រត្រូវទុកជាមោឃៈ។ ​

ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំ​ បន្ទាប់ពីកាត់ពិន្ទុចុងក្រោយ​ អ្នកបើកបរមិនបានធ្វើឱ្យមានកំហុសអ្វីមួយថែមទៀត ដើម្បីឱ្យកាត់បន្ថយពិន្ទុនោះ អ្នកបើកបរត្រូវមកទទួលបណ្ណបើកបរថ្មីដែលមាន១២ពិន្ទុដោយស្វ័យប្រវត្តិ។ ក្នុងករណីដែលពិន្ទុ​ត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែអ្នកបើកបរចង់បង្កើនពិន្ទុវិញ ត្រូវមករៀនបំប៉នរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងការរៀន ពិន្ទុអាចកើនឡើងចំនួន៤ពិន្ទុ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close