រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​៖ រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់ ចំពោះ​សិទ្ធមនុស្ស ជាពិសេស​សិទ្ធ​ជា​មូលដ្ឋាន​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បានទទួល​ជួប​សំដែង​ការគួរសម ជាមួយ លោកជំទាវ Roueida EI Hage តំណាង​អង្គការសហប្រជាជាតិ​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ។​

​នៅក្នុង​ជំនួប​នេះ លោកជំទាវ​កិត្តិ​បណ្ឌិត​រដ្ឋមន្ត្រី បានបង្ហាញ​ជូន​ពី​ស្ថានភាព​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី នៅក្នុង​ប្រទេស​កម្ពុជា តួនាទី​របស់​ក្រសួង​កិច្ចការនារី និង​តួនាទី​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី និង​សមិទ្ធផល​ដែល​បានសម្រេច ព្រមទាំង​ក្របខ័ណ្ឌ​គោលនយោបាយ​សំខាន់ៗ​រួមមាន ផែនការ​សកម្ម​ភាពជា​តិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ផែនការ​សកម្មភាព​ស្តី​ពី ការរៀប​អាពាហ៍ពិពាហ៍​វ័យក្មេង និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់ និង​យន្តការ​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ និង​យន្តការ​ថ្នាក់​តំបន់ ដែល​យន្តការ​ទាំងនេះ​ដឹកនាំ​សម្របសម្រួល​ដោយ​ក្រសួង​កិច្ចការនារី​។

លោកជំទាវ​ក៏បាន​ជម្រាបជូន​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សិទ្ធមនុស្ស​ជាពិសេស​សិទ្ធ​ជា​មូលដ្ឋាន​។ លោកជំទាវ​ក៏បាន​បន្ថែមទៀតថា ការចូលរួម​ក្នុងការ​លើកកម្ពស់ ផ្តល់​កិច្ចការពារ ត្រូវការ​កិច្ចសហការ​ល្អ ជាមួយ​អ្នកពាក់ព័ន្ធ ដូចជា​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ជាដើម​។

​នាឱកាស​នោះ លោកជំទាវ Roueida EI Hage បាន​សំដែង​នូវ​សេចក្តី​រីករាយ​ដែលមាន​ឱកាស​បាន​ជួប​ជាមួយ​លោកជំទាវ ស្រប​ពេលដែល​លោកជំទាវ នឹង​ចាប់ផ្តើម​ការងារ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា និង បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​សមិទ្ធិផល​ដែល​ក្រសួង​កិច្ចការនារី និង​ក្រុម​បឹ​ក្សា​ជាតិ​ដើម្បី​ស្ត្រី ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​អនុវត្ត​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​នៅ​កម្ពុជា​។ ក្រសួង​កិច្ចការនារី ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី នឹង​បន្ត​កិច្ចសហការ​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ជា​បន្តបន្ទាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close