ឆមាសទី១ ឆ្នាំនេះ! ទំហំពាណិជ្ជកម្មកម្ពុជា និងចិន កើនដល់ ៥ ៩៨៥លានដុល្លារ
ភ្នំពេញ៖ យោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា នាដើមឆមាសទី១ នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥ ៩៨៥លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមប្រភព ពីស្ថានទូតចិនប្រចាំនៅកម្ពុជា។
បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឱ្យដឹងថា នាដើមឆមាសទី១ នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ប្រទេសចិនគឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។
ចាប់ពីឆ្នាំ២០១៩ដល់ចុងខែមិថុនាឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលចំនួន២.៤លានតោនទៅកាន់ប្រទេសចិន ស្មើនឹង ១៩៤២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។