អឺរ៉ុប​អាចឈាន​ដល់​ការបែកបាក់ ដោយសារ​កង្វះ​ឧស្ម័ន​ហ្គាស​

​លោក Amos Hochstein ឧបការ​រី​ទទួលបន្ទុក​ថាមពល​នៅលើ​ពិភពលោក របស់​រដ្ឋាភិបាល​អាមេរិក បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស និង​ប្រ៊ុ​ច​ស៊ែ​ល ដើម្បី​ពិភាក្សា​ពី​ច្បាប់​បម្រុង​របស់​អាមេរិក និង អឺរ៉ុប​ក្នុងករណី​ខ្វះ​ថាមពល​ហ្គាស​នៅ​រដូវរងារ​។​

​តាម​សារព័ត៌មាន Tass បាន​ផ្សាយ​ថា រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន បានបង្ហាញ​ពី​ក្តី​បា​មរ​ម្ភ​យ៉ាងខ្លាំង ពី​កង្វះ​ថាមពល​ហ្គាស​នៅ​រដូវរងារ​ខាងមុខ ដោយសារតែ​រុស្ស៊ី​កាត់បន្ថយ​ការផ្គត់ផ្គង់​ថាមពល​ដល់​ប្រទេស​អឺរ៉ុប អាច​នឹងធ្វើ​ឲ្យ​តំបន់​នេះ​បាត់បង់​សាមគ្គីភាព ហើយ​ឈានដល់​ការបែកបាក់​គ្នា​។​

​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍ CNN បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាមេរិក ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​« ដោយ​ផលប៉ះពាល់​ពី​កង្វះ​ថាមពល​នៅ​តំបន់​អឺរ៉ុប អាច​ជះឥទ្ធិពល​អាក្រក់​ដល់​អាមេរិក ធ្វើ​ឲ្យ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ។ នេះ​ជា​មេរៀន​ដើម្បី​ធ្វើតេស្ត​ពី​សាមគ្គីភាព របស់​សហគមន៍​អឺរ៉ុប ដើម្បី​ប្រឆាំង​រុស្ស៊ី​»​។​

​នៅក្នុង​សប្តាហ៍​នេះដែរ ទីក្រុង​វ៉ាស៊ីនតោន ក៏បាន​ឡើង​គម្រោង​ពិភាក្សា ជាមួយ​ប្រទេស​តំបន់​អឺរ៉ុប ស្តីពី​ការបង្កើន​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ ។ ក្នុងពេល​នេះដែរ អាមេរិក ក៏បាន​ជំរុញ​ឲ្យ​អាល្លឺម៉ង់ លុបចោល​គម្រោង​ផ្អាក ការប្រើប្រាស់​ថាមពលបរមាណូ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​បរមាណូ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close