ក្រសួង​សាធារណការ ដាក់ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់​ផែ

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជម្រាបជូន ម្ចាស់​នាវា ក្រុមហ៊ុន​នាវា ក្រុមហ៊ុន​ភ្នាក់ងារ​នាវា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជ្រាបថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជំនួយឥតសំណង ពី​ប្រទេស​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ក្នុងការ​អនុវត្ត​គម្រោង ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) ដើម្បី​កាត់បន្ថយ​ពេលវេលា និង​សម្រួល​ដល់​ការរៀបចំ បែបបទ​នាវា​ចូល​ចេញ​កំពង់ផែ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងន័យនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ អេឡិចត្រូនិក​កំពង់ផែ (PortEDI) ចាប់ពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ ខាងមុខនេះ សម្រាប់​ការរៀបចំ​បែបបទ​នាវា ចូល​ចេញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយ​ផ្លាស់ប្តូរ​នីតិវិធី​បច្ចុប្បន្ន​ទៅប្រើ​ប្រាស់ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ជំនួស​វិញ តាមរយៈ​គេហទំព័រ​ផ្លូវការ​ដែលមាន​អាសយដ្ឋាន https://portedi.mpwt.gov.kh​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​នាវា ក្រុមហ៊ុន​នាវា​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បាន​ជ្រាប​ជា​ព័ត៌មាន និង​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close