ប៊ីចេងក្លែងក្លាយជាង ១៨តោន ត្រូវបានដុតកម្ទេចចោល នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ ដោយមានគោលការណ៍អនុញាតពី សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ បានចាត់តាំងក្រុមការងារជំនាញរបស់គណៈកម្មាធិការ ចុះទៅរៀបចំធ្វើការកម្ទេចប៊ីចេងក្លែងក្លាយ (ប៊ីចេងសញ្ញារូបវែក) ចំនួនប្រមាណជាង១៨តោន ដែលសមត្ថកិច្ចគណៈកម្មាធិការបានចុះបង្ក្រាប និងរឹបអូសរក្សាទុកកាលពីឆ្នាំ២០១៩ ដែលការកម្ទេចនេះស្ថិតនៅទីលានចាក់សំរាម ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀបរាប ដោយសហការរៀបចំជាមួយអាជ្ញាធមូលដ្ឋានខេត្តសៀមរាប និងមានការចូលរួមពីតំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប តំណាងស្នងការ និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តំណាងមន្ទីរពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋានស្រុកប្រាសាទបាគងជាច្រើនរូប ។
ពិធីកម្ទេចនេះធ្វើទ្បើង ដោយអនុវត្តតាមសាលក្រមព្រហ្មទណ្ឌលេខ ១៧២ ឆ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តសៀមរាប និងមានការផ្ទន្ទាទោសលើជនជាប់ចោទ០២នាក់ ដាក់ពន្ធនាគារកំណត់១ឆ្នាំ ។
គូរបញ្ជាក់ផងដែរថា សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីនាំចូល ស្តុកទុក និងចែកចាយប៊ីចេងក្លែងក្លាយចំនួនជាង១៨តោន កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប និងបានបញ្ជូនទាំងជនល្មើស និងវត្ថុតាងទៅតុលាការ រហូតដល់បានសម្រេចធ្វើការកម្ទេចចោលនាពេលនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។