សមត្ថកិច្ចឃាត់ខ្លួនលោក សុឹង ប៊ុនណា ករណីដកកាំភ្លើងបាញ់មេឃ ព្រោះខឹងប្រពន្ធមិននៅផ្ទះ
(សៀមរាប) ៖ លោក ស៊ឹង ប៊ុនណា ដែលគេស្គាល់ថា គឺជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូប ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកកាន់ស្នងការនគរបាលខេត្តសៀមរាប ក្រោយពីមានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងវីឡាមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
បើតាមរបាយការណ៍សមត្ថកិច្ច នៅយប់ថ្ងៃទី៣០ កក្កដា នោះ លោក សុឹង ប៊ុនណា បានដកកាំភ្លើងខ្លីម៉ាក K59 លេខ 2249 បាញ់ឡើងលើ ចំនួន៤គ្រាប់ បន្ទាប់មកក៏បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយផង។
ក្រោយមក កម្លាំសមត្ថកិច្ចបានចុះទៅហ៊ុំព័ទ្ធខាងក្រៅទីតាំងនោះ រហូតដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចចំរុះ ដែលមានកងរាជអាវុធហត្ថសហការគ្នា និងនគរបាល ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន លោក សុឹង ប៊ុនណា ព្រមទាំងអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការ ។
បើតាមសេចក្តីរាយការណ៍ថា មូលហេតុដែលបណ្តាលឲ្យអ្នកជំនួញដ៏ល្បីឈ្មោះរូបនោះបាញ់ឡើងលើកាលពីយប់ គឺដោយសារលោកខឹងនឹងប្រពន្ធរបស់លោកមិននៅផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។