គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្ត ប្រវែងចំនួន២០ម៉ែត្រ បន្ថែមទៀត គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ
គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្ត ដំណាក់កាលទី៧ ប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត លើការងារជួសជុលពង្រឹងគ្រឹះ និងរៀបកាំជណ្តើរពីថ្មបាយក្រៀម ព្រមទាំងត្រៀមរៀបកាំជណ្តើរធ្វើពីថ្មភក់បុរាណតាមលំដើមឡើងវិញផងនោះ សម្រេចបានប្រមាណ៤០ភាគរយហើយ។
បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើង អ្នកស្រី នង បូរ៉ាវី បានឱ្យដឹងថា មកដល់ពេលនេះ ដំណើរការជួសជុល សម្រេចបានប្រមាណ៤០ភាគរយហើយ លើការងារជួសជុលពង្រឹងគ្រឹះនៃបាតច្រាំងកសិន្ធុ រៀបកាំជណ្តើរពីថ្មបាយក្រៀមថ្មីជំនួសថ្មបាយក្រៀមចាស់ពុកផុយខូចខាតទាំងអស់ឡើងវិញបាន៧កាំ ព្រមទាំងបានរក្សាទម្រង់ដើមរបស់លូបុរាណ ដោយប្រើថ្មបាយក្រៀមថ្មី ជំនួសថ្មបាយក្រៀមចាស់ដែលពុកផុយនៅផ្នែកខាងមុខជាប់នឹងមាត់ច្រាំងកសិន្ធុ ហើយត្រៀមនឹងរៀបកាំជណ្តើរធ្វើពីថ្មភក់ចំនួន៤កាំជាបន្តទៀត។
អ្នកស្រី នង បូរ៉ាវី បញ្ជាក់ទៀតថា ជំហានដំបូង ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវ ប្រទះឃើញលូបង្ហូរទឹកបុរាណដែលមានទំនាក់ទំនងពីកសិន្ធុទឹកប្រាសាទអង្គរវត្តទៅនឹងត្រពាំងសេសនៅមានស្ថានភាពល្អ។ ជាមួយគ្នានោះ ក្រុមការងារក៏បានបិទទំនប់ទឹកដើម្បីសម្រួលដល់ការងារជួសជុលគ្រឹះច្រាំងកសិន្ធុ ធ្វើសម្រង់ប្លង់ថ្ម ដែលជ្រុះធ្លាក់ចូលទៅក្នុងច្រាំង ព្រមទាំងរុះរើថ្មដោយប្រើកៅឡាក់អូសចេញពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ លាងសម្អាត ចុះបញ្ជើថ្ម និងជួសជុល មុននឹងយកមករៀបនៅទីតាំងដើមវិញផង។
បុរាណវិទូរូបនេះ ក៏បានលើកឡើងពីបញ្ហាប្រឈមសម្រាប់ការងារជួសជុលកសិន្ធុនេះថា ដោយសារការដ្ឋានជួសជុលនៅជាប់នឹងមាត់ទឹក គឺត្រូវចំណាយពេលវេលាមួយចំនួនដើម្បីបិទទំនប់ទឹក ធ្វើយ៉ាងណាឱ្យជាប់ល្អ ព្រោះត្រូវការជួសជុលពង្រឹងគ្រឹះជាចាំបាច់។ បញ្ហាប្រឈមមួយទៀតគឺនៅអំឡុងពេលធ្វើការងារ ក៏មានជ្រាបទឹក ហើយត្រូវបូមទឹកចេញជាប្រចាំ។
ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ក៏ជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមមកផ្តិតយករូបភាព ប្រាសាទអង្គរកំពូលប្រាំដ៏ស្រស់ស្អាត។ នៅពេលការជួសជុលរួចរាល់ជាស្ថាពរ នឹងលើកសោភ័ណច្រាំងកសិន្ធុ ស្រស់ស្អាតទ្វេឡើង ហើយរក្សាបាននូវស្នាដៃដូនតាបានអង្វែងជាច្រើនជំនាន់ទៅមុខទៀតផង។ គម្រោងជួសជុលច្រាំងកសិន្ធុខាងជើងនៃមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើង សរុបបានប្រវែង១៤៣ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។