ឃើញគេដួលម៉ូតូ ទៅជួយលើក រួចជិះយកទៅតែម្តង តែត្រូវសមត្ថកិច្ចចាប់បានក្រោយយកទៅបញ្ចាំ
បុរសវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានការសង្ស័យ បន្ទាប់ពីគាត់បានយកម៉ូតូទៅបញ្ចាំគេ ក្រោយអស់សាំង។
យោងតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ភាង ផាន អាយុ៦១ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានឃាត់ខ្លួននៅស្រុកប្រាសាទបាគង។
តាមដំណើររឿង កាលពីវេលាម៉ោងជិត១១ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ជនរងគ្រោះដែលឈ្មោះ សុំ សុខ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប បានខ្ចីម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ សៀមរាប ១P ៧២៣៦ លេខតួលេខម៉ាស៊ីន ៩១៤៨៦២២ ពីប្អូនឈ្មោះ មាស ចំរ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកើតហេតុ ដើម្បីទៅទិញឥវ៉ាន់ តែត្រូវជួបគ្រោះថ្នាក់ចរារច (ដួលខ្លួនឯង) បន្ទាប់មកជនសង្ស័យខាងលើបានទៅជួយលើកម៉ូតូ រួចជិះគេចខ្លួន រហូតមកដល់ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយម៉ូតូអស់សាំង ជនសង្ស័យបានយកម៉ូតូខាងលើលក់ និងបញ្ចាំក្នុងតម្លៃ៥០០$ តែត្រូវកម្លាំងនគរបាល នៃអធិការនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួន ហើយប្រគល់ជនសង្ស័យនេះមកអោយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបសួរនាំ។
ក្រោយពីសួរនាំ ជនសង្ស័យរូបនេះបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូពិតមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។