អាស៊ានប្រកាន់គោលជំហរមិនយកប្រទេសមហាអំណាចមួយជាដៃគូផ្តាច់មុខឡើយ

​ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១ សីហា​នេះ ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្លែងថា អាស៊ានប្រកាន់គោលជំហរមិនយកប្រទេសមហាអំណាចមួយជាដៃគូផ្តាច់មុខឡើយ។

ឯកឧត្តម គង់ ភោគ បញ្ជាក់ថា គោលជំហររបស់អាស៊ានមិនប្រែប្រួលឡើយ ពោល គឺមិនយកប្រទេសដៃគូ និងមហាអំណាចណាដៃគូតែមួយឡើយ។ ឯកឧត្តម សង្កត់ធ្ងន់ថា អាស៊ានមានមជ្ឈភាព និងឯករាជ្យរបស់ខ្លួន ក្នុងការដាក់ចេញគោលជំហរ និងបទដ្ឋាន ដើម្បីស្របតាមអាទិភាពរបស់អាស៊ាន។

ទន្ទឹមគ្នានេះ ឯកឧត្តម គង់ ភោគ បានរំពឹងថា ប្រទេសដៃនានា ឬមហាអំណាចនឹងមិនយកវេទិកា ឬកិច្ចប្រជុំនាពេលខាងមុខជាការបន្ទុចបង្អាប់នោះទេ ផ្ទុយទៅវិញកម្ពុជាសង្ឃឹមថាប្រទេសដៃគូនឹងប្រើប្រាស់កិច្ចប្រជុំជាទម្រង់ផ្តល់លទ្ធភាពឲ្យទាំងអស់គ្នា រួមគ្នា ដោះស្រាយស្រាយបញ្ហា ដាក់ចេញគោលនយោបាយ ឬជំហានដើម្បីបន្ថយភាពតានតឹង ដើម្បីប្រជាជាតិរីកចម្រើន។

​គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។

បន្ទាប់ពីនោះ បណ្តារដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍ការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ខណៈរដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close