មេភូមិ និងប្រធានសហគមន៍ទំនប់រលក រងការចោទពីពលរដ្ឋថា លួចចាក់ដីលុបព្រៃលិចទឹក

(ព្រះសីហនុ) ៖ ដីព្រៃលិចទឹកក្នុងតំបន់ព្រែកបីក្នុងសហគមន៍ទំនប់រលក ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ត្រូវបានលោកមេភូមិមួយ ឈ្មោះ គីម ហាក់ និងលោកមេឃុំទំនប់រលក និងជាប្រធានសហគមន៍ទំនប់រលកដែរនោះ ឃុបគិតគ្នាលួចយកគ្រឿងចក្រចូលឈូសឆាយចាក់ដីលុបព្រៃលិចទឹក ដើម្បីកាន់កាប់ដោយខុសច្បាប់ ។

បន្ទាប់ពីទទួលបានសេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានចាត់តាំងលោក អ៊ុង ឆាលី អភិបាលរងស្រុក និងជាប្រធានក្រុមការងារ រួមជាមួយមន្ត្រីចម្រុះថ្នាក់ស្រុកមួយចំនួនទៀត ចុះពិនិត្យអង្គេតដល់ទីតាំងជាក់ស្តែង និងបានរកឃើញថា សកម្មភាពចូលឈូសឆាយចាក់ដីលុបព្រៃលិចទឹកនោះ មិនមានច្បាប់អនុញ្ញាតនោះទេ គឺជាសកម្មភាពល្មើសច្បាប់ទាំងស្រុងតែម្ដង។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បានធ្វើការសួរនាំទៅលោក គីម ហាក់ មេភូមិមួយ ដែលជាម្ចាស់គ្រឿងចក្រ ពីសកម្មភាពលួចចូលឈូសឆាយដីព្រៃលិចទឹកនេះផងដែរ ដោយមេភូមិរូបនោះ អះអាងថា គាត់បានទិញដីពីក្មួយម្នាក់ និងកំពុងរត់ការឯកសារច្បាប់អនុញ្ញាតពាក់ព័ន្ធពីអាជ្ញាធរហើយ ទើបលោកចូលធ្វើសកម្មភាពចាក់ដីលុបព្រៃលិចទឹក ដែលគិតមកដល់ពេលនេះ គឺចាក់ដីលុបស្ទើរតែរួចរាល់ទៅហើយ។

ដោយឡែក លោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផល បានឱ្យដឹងថា ចំពោះសកម្មភាពខាងលើនេះ គឺពុំមានច្បាប់អនុញ្ញាតនោះទេ ពោលគឺជនល្មើស បានលួចចូលឈូសឆាយដោយខ្លួនឯង ដែលសកម្មភាពនេះ តម្រូវឱ្យអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ព្រោះជាការលួចចូលឈូសឆាយដីព្រៃលិចទឹក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយជនដែលពាក់ព័ន្ធនឹងការរំលោភបំពាន គឺត្រូវតែទទួលទោសតាមច្បាប់កំណត់។

លោក អ៊ុង ឆាលី អភិបាលរងស្រុក និងជាប្រធានក្រុមការងារ បានឱ្យដឹងថា ដោយមានការពិភាក្សាជាមួយមន្ត្រីជំនាញជលផល និងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ក្រុមការងារបានសម្រេចឱ្យខាងម្ចាស់គ្រឿងចក្រផ្អាក និងបញ្ឈប់សកម្មភាពចាក់ដីលុបព្រៃលិចទឹកនោះបន្តទៀត និងតម្រូវឱ្យកាយដីដែលបានចាក់រួចនេះចេញវិញ នៅអំឡុងពេលផុតរដូវវស្សា។ ហើយត្រូវផ្អាកសកម្មភាពទាំងស្រុងតែម្ដង។

ទោះយ៉ាងណា ចំណាត់ការរបស់លោកអភិបាលរងស្រុកស្ទឹងហាវនេះ មិនត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនោះសាទរឡើយ និងចាត់ទុកថា មានភាពមិនប្រក្រតី ព្រោះហេតុអ្វីចាំបាច់ ដល់ផុតរដូវវស្សាទើបឱ្យកាយចេញ..? ជនល្មើសចាក់ដីលុបព្រៃលិចទឹកនៅអំឡុងពេលរដូវវស្សាបាន ហេតុអ្វីកាយចេញវិញមិនបាន..? ម៉្យាងទៀត លោកអភិបាលរងស្រុក ហាក់មិននិយាយ ឬមានចំណាត់ការផ្លូវច្បាប់ណាមួយ ទៅលើបុគ្គលប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងអំឡុងពេលចុះត្រួតពិនិត្យនោះឡើយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close