ដោយសារអាកាសធាតុអំណោយផល ចុងសប្តាហ៍ទី៥នៃខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរដើរកម្សាន្ត២២ម៉ឺននាក់
នៅចុងសប្តាហ៍ទី៥នៃខែកក្កដា ពោលចំថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរដែលបានដើរលេងនៅទូទាំងប្រទេសសរុបមានចំនួន២២ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិចំនួនជាង២០ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១៦,៣៥២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
គោលដៅទេសចរណ៍សំខាន់ៗដែលទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តលេងនៅចុងសប្តាហ៍ច្រើនជាងគេ គឺ ខេត្តកំពតទទួលបានភ្ញៀវទេសចរចំនួន ៣៤,៩៦៨នាក់។ បន្ទាប់មកខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចំនួន ៣៣,៣៨៨ នាក់។ ខេត្តសៀមរាប និងខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរពី២ម៉ឺននាក់ ទៅ២,៥ម៉ឺននាក់។ រាជធានីភ្នំពេញ និងខេត្តកែប ទទួលបានភ្ញៀវទេសរជាង១ម៉ឺននាក់។ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងពោធិ៍សាត់ មានភ្ញៀវទេសចរចំនួនជិតមួយម៉ឺននាក់។ រីឯខេត្តដទៃទៀត គឺទទួលបានភ្ញៀវទេសចរចន្លោះពី១ពាន់នាក់ ទៅ៩ពាន់នាក់។ ចំណែកខេត្តក្រចេះវិញ គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងអស់ គឺមានភ្ញៀវទេសចរតិចជាងគេ គឺត្រឹមតែជាង៣០០នាក់ប៉ុណ្ណោះ។
ក្រសួងទេសចរណ៍បានបញ្ជាក់នៅក្នុងរបាយការណ៍នៅថ្ងៃទី១ ខែសីហាថា ចំនួនតួលេខភ្ញៀវទេសចរនៅចុងសប្តាហ៍ទី៥នៃខែកក្កដា គឺមានការកើនឡើងប្រមាណ៣,៤៣ភាគរយ បើធៀបនឹងសប្តាហ៍កន្លងមក ដោយសារអាកាសធាតុល្អប្រសើរ និងមានភ្លៀងធ្លាក់តិចជាងសប្តាហ៍កន្លងទៅ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានបន្តណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍ ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ឱ្យបន្តអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។