សម្ដេច​ក្រឡាហោម ស ខេង ប្រកាសសេចក្ដី​សម្រេច បង្កើត​ក្រុមការងារ​តាមដាន​ដោះស្រាយ​សំណើ សំណូមពរ មតិយោបល់​របស់​មហា​ជន​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​

​នា​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ប្រកាសសេចក្ដី​សម្រេច បង្កើត​ក្រុមការងារ​តាមដាន​ដោះស្រាយ​សំណើ សំណូមពរ មតិយោបល់​របស់​មហា​ជន​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​គូសបញ្ជាក់​នាឱកាស​នោះ​ថា​ការតាមដាន​សំណើ សំណូមពរ និង​មតិយោបល់​មហាជន ឬ​ប្រជាពលរដ្ឋ​ក្នុង​បណ្ដាញ​សង្គម​នេះ ប្រៀបបាន​នឹង​ការឆ្លុះ​កញ្ចក់​មួយ​ដូច្នេះ​ដែរ​។
​សម្ដេច​បន្ថែមថា​ការខិតខំ​ប្រមូល​សំណើ សំណូមពរ និង​មតិយោបល់​តាម​បណ្ដាញ​សង្គម​នេះ ក៏​ជាការ​ឆ្លើយតប​តាម​សេចក្ដីប្រាថ្នា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្ដេច​បាន​ណែនាំ​ឱ្យ​ក្រសួង​ស្ថាប័ន​ទាំងអស់​តាមដាន​បញ្ហា​ប្រជាពលរដ្ឋ​លើ​បណ្ដាញ​សង្គម ហើយ​ខិតខំ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​។​

​សម្ដេច​ក្រឡាហោម បាន​មាន​ប្រសា​ន៍​ថា បន្ទាប់ពី​សម្ដេច​បង្កើត​ក្រុមការងារ​តាមដាន​សំណើ សំណូមពរ និង​មតិយោបល់​មហាជន​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​មក សម្ដេច​សង្កេតឃើញថា​មាន​មហាជន​កាន់តែ​ច្រើនឡើង​បានដាក់​សំណើ សំណូមពរ និង​លើក​មតិយោបល់​ជាច្រើន​មកកាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្ដេច និង​ថា​ព្រោះ​ហេតុ​ដូច្នេះហើយ​ទើប​សម្ដេច សម្រេច​កែសម្រួល​ក្រុមការងារ​នេះ​ដោយ​ដាក់បញ្ចូល​បន្ថែម​នូវ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើន​ការជឿជាក់ និង​មាន​ទំនុកចិត្ត​ពី​មហាជន​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ជា សុគន្ធា បាន​រាយការណ៍​ឱ្យដឹងថា បន្ទាប់ពី​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ បាន​បង្ហោះ​ផ្សាយ​ផ្ទាល់​សកម្មភាព​ការងារ សម្ដេច​ក្រឡាហោម និង​បង្ហោះ​ផ្សាយ​អត្ថបទ រូបភាព និង​វីដេអូ ពាក់ព័ន្ធ​នឹង​កិច្ចការ​របស់ សម្ដេច​ក្រឡាហោម និង​ក្រសួងមហាផ្ទៃ និង​បាន​ដកស្រង់​សំណើ សំណូមពរ និង​មតិយោបល់​របស់​មហាជន គោរព​ជូន សម្តេច​ក្រឡាហោម ជ្រាប និង​ពិនិត្យ​សុំ​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ បាន​ចំនួន​២.០៥៦ គណនី​។​

​ឯកឧត្តម​បន្តថា ក្រុមការងារ​នឹង​បន្ត​ការ​បង្ហោះ​ផ្សាយ​ផ្ទាល់​សកម្មភាព​ការងារ​របស់ សម្ដេច​ក្រឡាហោម និង​បង្ហោះ​ផ្សាយ​អត្ថបទ រូបភាព និង​វីដេអូ ពាក់ព័ន្ធ​នឹង​កិច្ចការ​របស់ សម្ដេច​ក្រឡាហោម និង​ក្រសួងមហាផ្ទៃ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ដកស្រង់​សំណើ សំណូមពរ និង​មតិយោបល់​របស់​មហាជន (Comment) ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ក្រឡាហោម ដើម្បី​គោរព​ជូន សម្ដេច ជ្រាប​និង​ពិនិត្យ​សុំ​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​បន្ត​តាមដាន និង​ជំរុញ​ការដោះស្រាយ រាល់​សំណើ សំណូមពរ និង​មតិ​របស់​មហាជន​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ក្រឡាហោម​។​

​នាឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ បាន​អាន​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​ក្រុមការងារ​តាមដាន​ដោះស្រាយ​សំណើ សំណូមពរ និង​មតិ​របស់​មហាជន ហៅ​កាត់​ថា​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្ដេច​ក្រឡាហោម ស ខេង​។ ក្រុមការងារ​នេះ មាន​ឯកឧត្តម ជា សុគន្ធា អនុរដ្ឋលេខាធិការ​ក្រសួង​ហា​ផ្ទៃ និង​ជា​នាយករង​ខុទ្ទកាល័យ​សម្ដេច​ក្រឡាហោម ជា​ប្រធាន អមដោយ​អនុប្រធាន និង​សមាជិក​មួយចំនួនទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​មួយចំនួន​ទៅកាន់​ក្រុមការងារ ក្នុងនោះ​សម្ដេច​ក៏បាន​សង្កត់ធ្ងន់​ថា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មិនត្រូវ​សន្ម​ត់​ថា​បញ្ហា​ប្រជាពលរដ្ឋ​ដែល​បានស្នើ​ឬ​លើក​ឡើងមក​នោះ​ជា​រឿង​តូចតាច​ឱ្យសោះ​។ ​សម្ដេច​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​ដែលមាន​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ​នឹង​បញ្ហា​ណាមួយ សូម​ប្រមូល និង​តាមដាន​បញ្ហា​ទាំងនោះ​ឱ្យ​ជាប់ ហើយ​អាច​ចុះទៅពិនិត្យ​បញ្ហា​នោះ​ដោយផ្ទាល់ ដើម្បី​ជំរុញ​ការដោះស្រាយ​មាន​ប្រសិទ្ធភាព​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close