ខេត្ត​ចំនួន​៥ នឹងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អ​ញ្ចើ​ញ​ជា​អធិបតី​ក្នុង​ពិធី​ចុះកិច្ចសន្យា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការងារ​បោសសម្អាត​មីន​ក្នុង​ខេត្ត​ចំនួន ០៥ រួមមាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និង​ខេត្តស្វាយរៀង ព្រមទាំង​ត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន ក្នុង​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៣០.៩១២.៦៧៣ ម៉ែត្រក្រឡា (៣០,៩១ គីឡូម៉ែត្រ​ក្រឡា​) ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”​។

​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ បាន​ប្រព្រឹត្តិ​ទៅ​រវាង​អាជ្ញាធរ​មីន និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​បោសសម្អាត​មីន ចាប់ពី​ខែសីហា ឆ្នាំ​២០២២ ដែល​ក្នុងនោះ៖ ​ខេត្ត​ចំនួន ០៣ គ្រោង​នឹង​បញ្ចប់​ក្នុង​ខែធ្នូ ឆ្នាំ​២០២២ រួមមាន ៖ ខេត្តតាកែវ ក្នុង​ទំហំ​ផ្ទៃដី​សរុប ៣.៦២៦.៨៥៦ ម៉ែត្រក្រឡា ខេត្តកំពង់ចាម ក្នុង​ទំហំ​ផ្ទៃដី​សរុប ៩៧៩.៥៨៦ ម៉ែត្រក្រឡា និង​ខេត្តកំពង់ឆ្នាំង ផ្ទៃដី​សរុប ៣.២៧៧.៦២៧ ម៉ែត្រក្រឡា និង​​ខេត្ត​ចំនួន០២ គ្រោង​នឹង​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំ​២០២៣ រួមមាន ៖ ខេត្តស្វាយរៀង ក្នុង​ទំហំ​ផ្ទៃដី​សរុប ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា និង​ខេត្តកំពត ក្នុង​ទំហំ​ផ្ទៃដី​សរុប ១០.៦៤១.៦៧៧ ម៉ែត្រក្រឡា​។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​៥ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្តល់នូវ​កាដូ​ពិសេស​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង ៥ ខេត្ត ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព និង​ភាពសុខដុមរមនា​ក្នុងការ​រស់នៅ និង​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close