អភិបាលខេត្ត​ព្រះសីហនុ ដាក់ចេញ​វិធានការ​ដាច់​ណាត់ ចំពោះ​ទីតាំង​កាស៊ីណូ ករណី​រកឃើញការ​បាញ់សម្លាប់ ចាប់​បង្ខាំង ប្រើប្រាស់​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ នឹងត្រូវ​បិទ​ផ្អាក​អាជីវកម្ម​

​ខេត្ត​ព្រះសីហនុ​-​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​
​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ពិភាក្សា​លើ​ករណី​ការបាញ់សម្លាប់​ជនជាតិ​ចិន​ចំនួន ២ នាក់ នៅក្នុង​កាស៊ីណូ តុង​ហ្វា​ង​ប៉ា​លី​រិ​ន ស្ថិត​ក្នុងភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២​កន្លងមក​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បញ្ជាក់ថា ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ខេត្ត បាន​ចុះ​ធ្វើ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​តាម​ប្រមាញ់​ស្រាវជ្រាវ​រក​ជនបង្ក​។ ជា​លទ្ធផល​គិត​ត្រឹម​រសៀល​ថ្ងៃ​២ សីហា កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​បាន​មួយចំនួន​យកមក​ធ្វើ​សាកសួរ​តាម​នីតិវិធី និង​បន្ត​តាម​ស្រាវជ្រាវ​រក​ជនដៃដល់​ផ្សេងទៀត​មក​ផ្តន្ទាទោស​តាមច្បាប់​។ បើតាម​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ករណី​បាញ់សម្លាប់​គ្នា​នេះ គឺពាក់ព័ន្ធ​នឹង​ទំនាស់​ជំពាក់​ប្រាក់​។

​ផ្តើមចេញពី​ការបាញ់សម្លាប់​គ្នា​នេះ គណៈបញ្ជាការ​រដ្ឋបាល​ខេត្ត បានដាក់​ចេញ​នៅ​វិធានការ​ដាច់​ណាត់ ចំពោះ​ទីតាំង​កាស៊ីណូ និង​ទីតាំង​អាជីវកម្ម​ផ្សេងទៀត ក្នុងករណី​ដែល​រកឃើញ​មាន ការបាញ់សម្លាប់ ការចាប់​បង្ខាំង ការប្រើប្រាស់​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ នោះអាជ្ញាធរ​ខេត្ត នឹងធ្វើ​ការបិទ​ផ្អាក​អាជីវកម្ម និង​ស្នើសុំ​គោល​ការ​ណ៏​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ដក​អាជ្ញាប័ណ្ណ​ជា​ស្ថាពរ លែងឱ្យ​ប្រកប​របរ​រកស៊ី​នៅក្នុង​ខេត្ត​ព្រះសីហនុ​តទៅទៀត​។ ដោយឡែក​ចំពោះ​ជនល្មើស​ដែល​ឃាត់ខ្លួន​បាន នឹង​បញ្ជូនទៅ​ផ្តន្ទាទោស​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close