តំបន់​ទេសចរណ៍​ចុង​ឃ្នៀ​ស ជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង​មួយ ក្នុង​ខេត្តសៀមរាប ជា​ច្រក​ទស្សនា​មួយ ក្នុងចំណោម​ច្រក​ទាំង​៤

​សៀមរាប​៖ តំបន់​ទេសចរណ៍​ចុង​ឃ្នៀ​ស គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង​មួយ​នៅក្នុង​ខេត្តសៀមរាប ដែលជា​ច្រក​ទស្សនា​មួយ​ក្នុងចំណោម​ច្រក​ទាំង​៤ សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅលេង​បឹង​ទន្លេសាប សត្វ​ស្លាប មច្ឆា​ជាតិ ព្រៃ​លិច​ទឹក ផ្ទះ​បណ្ដែត​ទឹក​និង​ជីវភាព​របស់​ប្រជា​នេសាទ ព្រមទាំង​ទេសភាព​បរិស្ថាន​នា​បឹង​ដ៏​ធំជាងគេ​នៅ​អា​ស៉ី​អាគ្នេយ៍​មួយ​នេះ​។​

​តំបន់​ទេសចរណ៍​ចុង​ឃ្នៀ​សមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ធ្វើដំណើរ​ចេញពី​ក្រុង​សៀមរាប​ទៅ​ទិស​ខាងត្បូង​ប្រមាណ​២០​គីឡូម៉ែត្រ ពោលគឺ​តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប​ឆ្ពោះទៅ​ភ្នំ​ក្រោម​។ ក្រៅពី​សហគមន៍​ទេសចរណ៍​ចុង​ឃ្នៀ​ស ច្រក​ទៅ​ទស្សនា​បឹង​ទន្លេសាប​ក៏​នៅមាន​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក សហគមន៍​ទេសចរណ៍​បឹង​ពារាំង និង​សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង​។​

​បច្ចុប្បន្ន​នៅ​តំបន់​ទេសចរណ៍​ចុង​ឃ្នៀ​ស​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់​ឱ្យ​បន្ត​អភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​ឱ្យ​ស្របតាម​ស្តង់ដា និង​ត្រូវ​សិក្សា​រៀបចំ​ប្លង់​និង​ផែនការអភិវឌ្ឍន៍​កំពង់​ផែ​ចុង​ឃ្នៀ​ស​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង​។​ ​ដើម្បី​ចូលរួម​អនុវត្តតាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ នា​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២​កន្លងទៅនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ អភិបាលរង​ខេត្តសៀមរាប ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ប្រធាន​គ្រឹះស្ថាន​អង្គរ មន្ត្រី​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាគម​នៅ​ចុង​ឃ្នៀ​ស​នេះ ដើម្បី​ស្ដាប់​នូវ​តម្រូវការ​និង​សំណូម​របស់​ប្រជាជន​នៅ​តំបន់​នោះ​។​

​នាឱកាស​នោះ ឯកឧត្តម ថោង ខុន រួមជាមួយ​ប្រជាជន សមាគម និង​មន្ត្រី​ទទួលបន្ទុក​បាន​លើក​នូវ​បញ្ហា​និង​សំណូមពរ​មួយចំនួន និង​បាន​ណែ​នាំឱ្យ​មន្ត្រី​ពាក់ព័ន្ធ​លើកយក​បញ្ហា តម្រូវការ និង​សំណូមពរ​របស់​ប្រជាជន ដើម្បី​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ត​ដោះស្រាយ​ជូន​ប្រជាជន​។​ ​ឯកឧត្តម ថោង ខុន បាន​លើកទឹកចិត្ត​ឱ្យ​អ្នក​បើកកាណូត​ជូន​ភ្ញៀវ និង​មន្ត្រី​នៃ​គ្រឹះស្ថាន​អង្គរ​ត្រូវ​បង្កើន​ការរៀបចំ​ឱ្យមាន​ភាព​ស្អាត អនាម័យ ទុកដាក់​សំរាម​ឱ្យបាន​ល្អ ពិសេស​ត្រូវមាន​បដិសណ្ឋារកិច្ច​ល្អ​ជូន​ភ្ញៀវ រួមគ្នា​កែលម្អ​នូវ​អ្វី​ដែលជា​ចំណុច​ខ្វះចន្លោះ​។​ ​ក្រៅពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​បង្កើន​ការការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​រាល់ពេល​ធ្វើដំណើរ​ទៅ​ទស្សនា កុំ​ឱ្យមាន​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ ដាច់ខាត​ត្រូវ​គិតពី​សុវត្ថិ​ភាពជា​ចម្បង​។​

​លោក អ៉ឹ​ង គឹម​លាង អភិបាលរង​ខេត្តសៀមរាប បានឱ្យដឹង​បន្ថែមថា ក្នុងនាម​អាជ្ញាធរ​ដែនដី រដ្ឋបាលខេត្ត​សៀមរាប​នឹង​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ជាបន្ទាន់​ជាមួយ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រួមជាមួយ​តំណាង​ប្រជាពលរដ្ឋ​ផងដែរ ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទេសចរណ៍​ចុង​ឃ្នៀ​ស​ឱ្យស្រប​ទៅតាម​គោលនយោបាយ​ជាតិ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ក៏ដូចជា​តំបន់​ចុង​ឃ្នៀ​ស បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​លេង​បឹង​ទន្លេសាប​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ខណៈដែល​វិបត្តិ​កូ​វីដ​១៩​ស្ថិតក្នុង​ស្ថានភាព​គ្រប់គ្រង​បាន​យ៉ាង​ល្អ​នេះ ការលើកស្ទួយ​វិស័យ​ទេសចរណ៍​គឺជា​ការងារ​ដ៏​សំខាន់​ក្នុង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប និង​ជីវភាព​របស់​ប្រជាជន​ក្នុង​ខេត្ត​។​ លោក អ៉ឹ​ង គឹម​លាង ក៏​នឹង​ពិនិត្យ​ការងារ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឡើងវិញ ដើម្បី​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​ប្រមូល​សំរាម​ពី​តំបន់​ចុង​ឃ្នៀ​ស​នេះ រួមចំណែក​ធ្វើឱ្យមាន​ភាព​ស្អាត​ក្នុង​តំបន់​ទេសចរណ៍​នា​បឹង​ទន្លេសាប​មួយ​នេះ​។​

​គួររំលឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បានផ្ដល់​អនុសាសន៍​ជំ​រុញឱ្យ​បង្កើន​ការទាក់ទាញ​ទេសចរ​ផ្ទៃក្នុង និង​ទេសចរ​មកពី​ប្រទេសជិតខាង​និង​ក្នុង​តំបន់ ពីព្រោះ​ក្នុងដំណាក់កាល​កូ​វីដ​១៩​នេះ​មានតែ​ភ្ញៀវទេសចរ​ផ្ទៃក្នុង និង​ភ្ញៀវទេសចរ​មកពី​ប្រទេសជិតខាង​ទេ ដែលមាន​លទ្ធភាព​ច្រើន​ក្នុងការ​មក​ទស្សនា​កម្ពុ​ជា នាំមក​នូវ​ប្រាក់ចំណូល​ខ្លះៗ​ជូន​ប្រជាជន​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close