កម្ពុជា ឡាវ និង វៀតណាម នឹងបើកធ្វើសមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះ គ្រោះមហន្តរាយ នៅដើមខែក្រោយ
កងទ័ពកម្ពុជា ឡាវ និង វៀតណាម កម្ពុជា គ្រោងនឹងបើកធ្វើ សមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះ គ្រោះមហន្តរាយ សំរាប់ប្រទេសទាំងបី ដែលមានភាគីកងទ័ពឡាវ ធ្វើជាម្ចាស់ផ្ទះ នៅដើមខែកញ្ញា ឆ្នាំ២០២២ នេះ នៅលើទឹកដី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីត្រៀមលក្ខណ:សម្បត្តិ ទាំងកម្លាំង និងមធ្យោបាយសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ សំរាប់ការឆ្លើយតបបន្ទាន់ណាមួយ គ្រប់ឧបទ្ទវហេតុ នៃគ្រោះមហន្តរាយទាំងឡាយ ដែលកើតមានឡើង ដោយយថាហេតុ ជាមុន និងដោះស្រាយ រាល់បញ្ហាប្រឈមទាំងឡាយ ដែលកើតមានឡើងក្នុងតំបន់ និងប្រទេសនីមួយៗ បានទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ឯក ប៉ាង ធារ៉ូអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានបញ្ជាក់ថា សមយុទ្ធនេះនឹងធ្វើឡើងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលភាគីកងទ័ពឡាវ ជាអ្នករៀបចំ និងធ្វើជាម្ចាស់ផ្ទះ ។
យ៉ាងណាក៏ដោយកងទ័ពកម្ពុជា បានគ្រោងរៀបចំសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ នឹងចាត់បញ្ជូនកម្លាំងកងទ័ពជំនាញរបស់ខ្លួន ដែលធ្លាប់មានបទពិសោធន៍ ក្នុងការធ្វើសកម្មភាព សង្គ្រោះគ្រោះមហន្តរាយ គ្រប់ឧបទ្ទវហេតុ ដូចជា កម្លាំងជំនាញ ដែលមានបទពិសោធន៍ ក្នុងការជួយសង្គ្រោះឧបទ្ទវហេតុធ្លាក់យន្តហោះ កងកម្លាំងដែលមានបទពិសោធន៍ ក្នុងសកម្មភាពជួយសង្គ្រោះ ការរលំបាក់អាគារខ្ពស់ៗ កងកម្លាំងជំនាញ ដែលមានបទពិសោធន៍ ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាដើម ចំនួន ៤០ រូប រួមនិងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ មួយចំនួនធំ តបតាមការអញ្ជើញរបស់ ភាគពីកងទ័ពប្រជាជនឡាវ ដើម្បីចូលរួមក្នុងសកម្មភាពសមយុទ្ធនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។