អាស៊ាន ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការព្រួយបារម្ភ​ចំពោះ ភាពផុយស្រួយ​នៃ​ស្ថានការណ៍​តំបន់ និង​អន្តរជាតិ​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ​សម្តែង​ការព្រួយបារម្ភ​ចំពោះ ភាពផុយស្រួយ​នៃ​ស្ថានការណ៍​តំបន់ និង​អន្តរជាតិ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​ទទួលបាន អាស៊ាន​បានបញ្ជាក់​ដូចតទៅ​៖

* អាស៊ាន​មានការ​ព្រួយបារម្ភ​ចំពោះ​ភាពផុយស្រួយ នៃ​ស្ថានការណ៍​តំបន់​និង​អន្តរជាតិ ជាពិសេស​ការវិវឌ្ឍ​ថ្មីៗ​នេះ​នៅ​តំបន់​ក្បែរ​អាស៊ាន ដែល​អាច​បង្ក​អស្ថិរភាព​ដល់​តំបន់ ហើយ​អាច​នឹង​នាំឱ្យ​មានការ​គណនា​ខុស ការប្រឈមមុខ​ដាក់គ្នា​ធ្ងន់ធ្ងរ ជម្លោះ​ដោយ​ចំហរ និង​ផលវិបាក​ដែល​មិនអាច​ព្យាករណ៍​បាន ក្នុងចំណោម​មហាអំណាច​។​

* អាស៊ាន​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់​ជា​អតិបរមា ចៀសវាង​សកម្មភាព​ញុះញង់ ហើយ​ប្រកាន់ខ្ជាប់​គោលការណ៍​នានា ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍​។ យើង​រំលឹក​ឡើងវិញ​ពី​ការគាំទ្រ​របស់​ប្រទេស​សមាជិក​អាស៊ាន ចំពោះ​គោលនយោបាយ​ចិន​តែមួយ ដែល​ដាក់ចេញ​ដោយ​ប្រទេស​នីមួយៗ​។​

* ពិភពលោក​ត្រូវការ​យ៉ាងខ្លាំង​នូវ​ភាពឈ្លាសវៃ និង​ការទទួលខុសត្រូវ​រប​ស់​ថ្នាក់ដឹកនាំ​ទាំងអស់ ក្នុងការ​ប្រកាន់ខ្ជាប់​ព​ហុ​ភាគី​និយម និង​ភាពជា​ដៃគូ កិច្ចសហប្រតិបត្តិការ សន្តិ​សហ​វិជ្ជមាន និង​ការប្រកួតប្រជែង​ត្រឹមត្រូវ សម្រាប់​គោលដៅ​រួម​របស់​យើង​គឺ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​។​

* យើង​គួរតែ​រួមគ្នា ហើយ​អាស៊ាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ដើរតួនាទី​ប្រកបដោយ​ស្ថាបនា​ក្នុងការ​សម្រប​សម្រួលកា​រ​សន្ទនា​ដោយ​សន្តិវិធី រវាង​គ្រប់ភាគី រួមទាំង​តាមរយៈ​ការប្រើប្រាស់​យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ការពារ​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ក្នុង​តំបន់​របស់​យើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close