ក្រុមហ៊ុន​ចំនួន​២៣ ទទួលបាន​ការវិនិយោគ ក្នុងចំណោម​កោះ​ទាំង​៣២ ក្នុង​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​៣ ខែសីហា ឆ្នាំ​២០២២ លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ស្តីពី​ធ្វើ​បច្ចុប្បន្នភាព​ពត៌មាន និង​សន្តិសុខ​លម្ហ​សមុទ្រ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង សមាជិក​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ (​គ​.​ជ​.​ស​.​ស​) ប្រធាន​ក្រុមការងារ​បច្ចេកទេស និង​ជា​អគ្គលេខាធិការរង គ​.​ជ​.​ស​.​ស​។​

​លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា​ខេត្ត​ព្រះសីហនុ មាន​កោះ​ចំនួន​៣២ ក្នុងនោះ​៖
-​ក្រុងព្រះសីហនុ មាន​កោះ​ចំនួន ៥ មាន​ក្រុមហ៊ុន​ចំនួន​៤ វិនិយោគ​លើ​កោះ​៤
-​ក្រុង​កោះរ៉ុង មាន​កោះ​១៩ មាន​ក្រុមហ៊ុន​ចំនួន​៧ វិនិយោគ​លើ​កោះ​ចំនួន​៩
-​ស្រុក​ព្រៃនប់ មាន​កោះ​ចំនួន​៧ មាន​ក្រុមហ៊ុន​ចំនួន​១២ វិនិយោគ​លើ​កោះ​ចំនួន​៦
-​ស្រុក​ស្ទឹងហាវ មាន​កោះ​ចំនួន​១​។

​ក្នុងចំណោម​កោះ​ទាំង​៣២ នៃ​ខេត្ត​ព្រះសីហនុ មាន​កោះ​ចំនួន​១៩ ត្រូវ​បានទទួល​គោលការណ៍​វិនិយោគ អភិវឌ្ឍ​ពី​រាជរដ្ឋាភិបាល​ដែលមាន ២៣​ក្រុមហ៊ុន​។

​លោក​អភិបាលរង​ខេត្ត បាន​បន្តថា ក្នុងនាម​រដ្ឋបាលខេត្ត​ស្វាគមន៍​គណៈប្រតិភូ​ដែល​បានមក​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សន្តិសុខ​លម្ហ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅតាម​បណ្តា​កោះ​មួយចំនួនទៀត​ក្នុង​ខេត្ត​ជាប់​សមុទ្រ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង សមាជិក​ប្រចាំការ​គណៈកម្មាធិកា​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ (​គ​.​ជ​.​ស​.​ស​) ប្រធាន​ក្រុមការងារ​បច្ចេកទេស និង​ជា​អគ្គលេខាធិការរង គ​.​ជ​.​ស​.​ស ក្រុមការងារ​ត្រូវការ​ទិន្នន័យ​ថ្នីៗ​បន្ថែម ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ ពិសេស​ការវិនិយោគ​នៅលើ​កោះ និង​ផលប៉ះពាល់​ទៅលើ​វិស័យ​ការពារជាតិ​។ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​មាន​វិសាលភាព​ក្នុងការ​គ្រប់គ្រង​គ្របដណ្តប់​ក្នុងការ​ឆ្លើយតប​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងតួនាទី​ចូលរួម​ការពារ​ជីវៈចម្រុះ​បាតសមុទ្រ និង​កិច្ច​គាំ ពារ​បរិស្ថាន​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង បាន​បន្តថា ចំណុច​ទាក់ទង​ការងារ​ពីរ​ឆ្នាំ យើង​រៀបចំ​ឡើងវិញ​ស្របតាម​គោលនយោបាយ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ទាមទា​ឱ្យ​ក្រុមការងារ​ប្រមូល​ទិន្នន័យ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​កាន់តែ​ស៊ី​ជំរៅ និង​មាន ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ដែនសមុទ្រ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close