កម្ពុជា ថៃ ឡាវ និងវៀតណាម បើកព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមកីឡាករវ័យចំណាស់ ព្រមទាំង ចូលរួមក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប ស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង(ស្វាយធំ) ដោយមានការចូលរួមពីកីឡាករវ័យចំណាស់ថៃ ឡាវ ចំនួន ១១០នាក់ និងកីឡាករវ័យចំណាស់វៀតណាម ចំនួន ២០នាក់។
ការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីពង្រីកនូវសក្តានុពលទេសចរណ៍សំបូរបែបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAME – ASEAN PARA GAME 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះ មាន ៦ក្រុមក្នុងកម្ពុជាមាន១ក្រុម ថៃ ៣ក្រុម វៀតណាម ១ក្រុម និងឡាវ ១ក្រុមដោយបែងចែកជាពីរពូល ក្នុងនោះពូលA មានកម្ពុជា ឡាវ និងថៃ២ ហើយពូលB មានវៀតណាម ថៃ១ និងថៃ៣។ ជាមួយនឹងការប្រកួតនេះ សូមបងប្អូនអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វិស័យកីឡារទេសចរណ៍ឱ្យបានទូលំទូលាយថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។