ដោយសារជង្ហុកជ្រៅពេក ធ្វើឲ្យមនុស្សម្នាក់ដួលម៉ូតូបោកក្បាលស្លាប់ និងម្នាក់ទៀតរងរបួស នៅមុខច្រកចូលបុរីហ្គេនភ្នំពេញ
បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅផ្ទះ រួចក៏ធ្លាក់ជង្ហុកដួល កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខច្រកចូល បុរី ហ្គេនភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ ក្នុងភូមិ៤ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែង។
ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូ ត្រូវគេបញ្ជាក់ថា មានឈ្មោះ ជា សុភ័ក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិព្រៃសំរោង ឃុំទួលព្រិច ស្រុកអង្កស្នួល ខេត្តកណ្តាល។ ចំណែកម្នាក់ទៀតរួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ។
តាមប្រភពពីមិត្តភក្តិជនរងគ្រោះផ្សេងទៀតបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបាននាំគ្នាផឹកសុីនៅផ្ទះមិត្តភក្តិនៅម្តុំអន្លង់ក្ងាន លុះបានផឹកសុីរួចក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ដោយជនរងគ្រោះបានជិះមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1G-1691 បានឌុបមិត្តភក្តិម្នាក់ពីក្រោយត្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតធ្លាក់ជង្ហុកដួលបោកក្បាលនិងថ្នល់បណ្តាលជនរងគ្រោះជាម្ចាស់ម៉ូតូបោកក្បាលស្លាប់ភ្លាមៗ ចំណែកមិត្តភក្តិរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។
គួររំលឹកផងដែរថា នៅតាមបណ្ដោយផ្លូវនៃច្រកចូលបុរី ហ្គ្រេនភ្នំពេញ ខាងលើ គឺផ្លូវកៅស៊ូ មានសុទ្ធតែជង្ហុក ដែលហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរនៅពេលយប់ ហើយប្រជាពលរដ្ឋក៏សូមណូមពរដល់អាជ្ញាធរមូលដ្ឋានជួយគិតគួរជួសជុលផ្លូវខាងលើនេះឲ្យល្អប្រសើរឡើងវិញផង ជៀសវាងគ្រោះថ្នាក់ដល់អ្នកដំណើរបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។