ឯកឧត្តម ជា វ៉ាន់​ដេ​ត ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​លើ​ការងារ​សាងសង់​បង្គោល​អង់​តែ​ន តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​លើ​ការងារ​សាងសង់​បង្គោល​អង់​តែ​ន តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន (China Road and Bridge Corporation) ក្រុមហ៊ុន Huawei ប្រតិបត្តិ​ករ​បង្គោល​អង់​តែ​ន ព្រមទាំង​បណ្តា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដោះស្រាយ​បញ្ហា​ប្រឈម និង​កំណត់​ទីតាំង​ជាក់លាក់​សម្រាប់​សាងសង់​អង់​តែ​ន​ទូរ​សព្ទ​ចល័ត ដើម្បី​ធានា​ផ្ដល់​សេវា​គ្របដណ្តប់​ពេញលេញ​នៅតាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ បន្ទាប់ពី​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២២ កន្លងទៅ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១ សីហា រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លោក ជា វ៉ាន់​ដេ​ត បាន​ដឹកនាំ​ក្រុមការងារ​របស់​ក្រសួង និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​ក្រុមហ៊ុន ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​ទីតាំង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ នៅតាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងយល់ និង​កំណត់​ទីតាំង​សម្រាប់​អូស​ខ្សែកាប​អុ​ប​ទិច និង​តម្លើង​អង់​តែ​ន​ទូរ​សព្ទ​ចល័ត​ដើម្បី​ផ្ដល់​សេវា​ទូរគមនាគមន៍​គ្របដណ្តប់​នៅតាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ នៅ​ក្រុងព្រះសីហនុ​។​

​ក្រសួង​ប្រៃសណីយ៍ បាន​បញ្ជាក់ថា ការពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍​នៅ​តំបន់​នេះ​ពិតជា​មានការ​ចាំបាច់​ដូចគ្នា​នឹង​តំបន់​ដទៃទៀត ដែល​អាចជួយ​ជំរុញ​ដល់​ការផ្តល់សេវា​ទូរ​សព្ទ និង​អ៊ីនធឺណិត​បានល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន អ្នកធ្វើដំណើរ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close