អាជ្ញាធរជាតិអប្សរាបានរៀបចំពិព័រណ៌១៥ថ្ងៃ ដើម្បីអបអរខួប២៥ឆ្នាំនៃថ្ងៃបង្កើតអាយស៊ីស៊ី-អង្គរ
អាជ្ញាធរជាតិអប្សរាផ្តើមកាលពីថ្ងៃម្សិលមិញ បានរៀបចំពិព័រណ៌នៅខាងមុខសួនច្បារសណ្ឋាគារអង្គរ សម្រាប់រយៈពេល១៥ថ្ងៃ ដើម្បីអបអរខួប២៥ឆ្នាំនៃថ្ងៃបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ត ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាបានលើឡើងថា គោលបំណងនៃការតាំងពិព័រណ៌នេះ គឺដើម្បីអបអរសាទរខួប ២៥ឆ្នាំថ្ងៃបង្កើតគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងចូលរួមផ្សព្វផ្សាយពីសកម្មភាព ក៏ដូចជាសមិទ្ធផលសំខាន់ៗរបស់គណៈកម្មាធិការមួយនេះ លើគម្រោងអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនាពេលកន្លងមក គឺជាការដាក់បង្ហាញ់នូវសកម្មភាពមួយចំនួនពាក់ព័ន្ធនិងការងារលើគម្រោងអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនោះ។
លោក ឡុង កុសល បានបន្តថា កម្មវិធីតាំងពិព័រណ៌ខាងលើនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិបានមកទស្សនានៅរូបភាពនៃការជួសជុលប្រាង្គប្រាសាទពីសមិទ្ធផលនានារបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងការអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ឲ្យពួកគាត់បានយល់បានដឹងពីតំលៃមរតកដូនតាដែលលោកបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។
គួរបញ្ជាក់ដែរថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានសហប្រធាន គឺជប៉ុន និងបារាំង ឯអង្គការយូណេស្កូដើរតួជាលេខាធិការដ្ឋានផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។