រដ្ឋបាលព្រៃឈើបញ្ជាក់ថា តំបន់ភ្នំតាម៉ៅមិនបានលក់ដូរទេ គ្រាន់តែជាការដោះដូរថ្នូរនឹងការអភិវឌ្ឍ
ក្រោយពីមានការចែកចាយបន្តគ្នានៅលើបណ្តាញសង្គម ដោយថា មានការលក់ដីព្រៃភ្នំតាម៉ៅទៅឱ្យក្រុមហ៊ុនឯកជននោះ នៅរសៀលថ្ងៃនេះ រដ្ឋបាលព្រៃឈើ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយថា នេះជាការអភិវឌ្ឍតាមរយៈការដោះដូរ ដោយមិនមែនជាការលក់ដូរនោះទេ។
រដ្ឋបាលព្រៃឈើបានបញ្ជាក់ថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយ៍ស្តារព្រៃឈើ ដែលមានដំណុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ, ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។
រដ្ឋបាលព្រៃឈើបញ្ជាក់ថា តំបន់ភ្នំតាម៉ៅ ត្រូវបានដោះដូរជាថ្នូរនឹងអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរឡើង ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្រ្តីរាជការ និងសម្ភារៈនានា។
សូមអានសេចក្តីប្រកាសព័ត៌មាន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។