តំណាងកម្ពុជាប្រជាអង្គការសហប្រជាជាតិច្រានចោលរបាយការណ៍របស់ OHCHR ទាក់ទងនឹងសិទ្ធិព័ត៌មាននៅកម្ពុជា

ហ្សឺណែវ៖ ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជានៅហ្សឺណែវបានបង្ហាញការសោកស្ដាយចំពោះរបាយការណ៍របស់ឧត្តមស្នងការសហប្រជាជាតិសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សស្ដីពី ស្ថានភាពនៃសេរីភាពសារព័ត៌មាននៅកម្ពុជា។ ស្ថានបេសកម្មចាត់ទុកថារបាយការណ៍នេះរៀបចំឡើងដោយខ្លឹមសារលម្អៀង ជ្រើសតែមួយជ្រុង បុរេនិច្ឆ័យ និងមិនផ្អែកលើមូលដ្ឋានត្រឹមត្រូវ ព្រមទាំងការសន្និដ្ឋានមានចរិតនយោបាយ ។

ស្ថានតំណាងកម្ពុជាប្រចាំកម្ពុជាលោក អាន សុខខឿន បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការព័ត៌មានថា ដោយបានបដិសេធនូវការលើកឡើងក្នុងរបាយការណ៍នេះ ជាមួយនឹងវិធីសាស្ត្រនៃការស្រាវជ្រាវដែលគ្មានភាពត្រឹមត្រូវ។

លោក អាន សុខខឿន បញ្ជាក់ថា៖ «វិធីសាស្ត្រស្រាវជ្រាវដែលមិនបានរៀបចំឱ្យត្រឹមត្រូវ កាន់តែធ្វើឱ្យរបាយការណ៍ខាងលើ បាត់បង់បន្ថែម ទៀតនូវភាពអាចជឿទុកចិត្ត ។ អ្នកសារព័ត៌មាន ពលរដ្ឋដើរតួជាអ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយសរុបចំនួន៦៥រូប ដែលត្រូវបានជ្រើសរើសដោយគ្មានលក្ខណៈវិទ្យាសាស្ត្រ សម្រាប់ការសម្ភាសន៍និងស្ទង់មតិ ពុំតំណាងដោយត្រឹមត្រូវ ឱ្យទស្សនៈរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួនជិត៦.០០០ នាក់ ដែល កំពុងអនុវត្តភារកិច្ចរបស់ពួកគេដោយសេរី នៅទូទាំងប្រទេស ហើយតួលេខនេះមិនទាន់រាប់បញ្ចូលនូវ ចំនួនពលរដ្ឋដើរតួជាអ្នកសារព័ត៌មាននៅឡើយ»។

បន្ថែមលើនេះប្រភពព័ត៌មានដែលការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រមូលបានក៏មិនបានបញ្ជាក់ឱ្យបានលម្អិតនោះឡើយ។

ស្ថានតំណាងបញ្ជាក់ថា៖ «ការថ្លែងថា អ្នកសារព័ត៌មាននៅកម្ពុជា កំពុងធ្វើការក្នុងបរិយាកាសកាន់តែលំបាកខ្លាំងឡើង ក្នុងការ ទទួលបានព័ត៌មានពីប្រភពសាធារណៈ គឺជាបុរេនិច្ឆ័យ។ ខណៈពេលរង់ចាំការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួល បានព័ត៌មាន រាជរដ្ឋាភិបាលបានចាត់វិធានការនានា ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មាន ជាសាធារណៈ។ ក្នុងចំណោមនោះ រួមមាន ការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងការតែងតាំង អ្នកនាំពាក្យតាមក្រសួងស្ថាប័ននីមួយៗ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មាន ជាប្រចាំ ស្តីពីប្រធានបទគ្រប់វិស័យ ដែលផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មាន ទទួលបានដោយផ្ទាល់និងភ្លាមៗ នូវប្រភពព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ»។

ជាទីបញ្ចប់ ស្ថានតំណាងមួយនេះបញ្ជាក់ថាកម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការលើកកម្ពស់ និងការពារសេរីភាពនៃការបញ្ចេញមតិ និង សារព័ត៌មាន ដែលស្របតាមច្បាប់ ហើយកិច្ចការនេះគឺជាដំណើរការកំពុងប្រព្រឹត្តទៅជាបន្តបន្ទាប់ មិនមែន ជាលំហាត់គ្រាន់តែគូសដើម្បីឆ្លើយទេ។ ជំនួសឱ្យការរៀបចំរបាយការណ៍ ដែលមានចំណុចខុសឆ្គង និងចរិត នយោបាយ ការិយាល័យឧត្តមស្នងការ គួរបង្វែរការយកចិត្តទុកដាក់ និងប្រើប្រាស់នូវធនធានមិនច្រើនរបស់ ខ្លួន ទៅដោះស្រាយនិន្នាការដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាប្រឈមសិទិ្ធមនុស្ស ដូចជា ការប្រើសំដីស្អប់ខ្ពើម ការ បង្កាច់បង្អួច ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអុចអាល និងការញុះញង់ឱ្យមានការបះបោរ ដែលជ្រកក្រោម ស្លាកនៃសេរីភាពនៃការបញ្ចេញមតិ។ ការិយាល័យឧត្តមស្នងការនេះ បានរក្សាភាពស្ងប់ស្ងាត់ គួរឱ្យភ្ញាក់ផ្អើល ចម្លែក ចំពោះបញ្ហាប្រឈមខាងលើ ដោយសារហេតុផលជាក់លាក់មួយចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close