សមត្ថកិច្ចឧត្តរមានជ័យ បញ្ជូនជនសង្ស័យដើរគាស់ផ្ទះ ទៅតុលាការ
(ឧត្តមានជ័យ) ៖ ជនសង្ស័យម្នាក់ត្រូវបានបញ្ជូន ទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៤ ខែសីហាឆ្នាំ ២០២២ ពាក់ព័ន្ធនឹងសកម្មភាព គាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ របស់មន្ត្រីនគរបាលស្រុកត្រពាំងសាទ ហើយស្នងការនគរបាលខេត្តកំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ។
ករណីចោរកម្មនេះ អធិការនគរបាលស្រុកត្រពាំងប្រាសាទ ក្រោយការដឹកនាំដោយលោក អ៊ូច ម៉ៅង អធិការនគរបាលស្រុក ក្រោមការចង្អុលបង្ហាញដោយ ឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងទំនាញ ព្រហ្មទណ្ឌនគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញា ជនសង្ស័យឈ្មោះ ចិត្ត ជាតិ ដែលត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតភូមិទំនប់ថ្មី (ហៅទំបន់ខ្នោរ) ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងប្រតិបត្តិការនេះ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចិត្ត ជាតិ រួមនឹងវត្ថុតាងមួយចំនួនទៀត សមត្ថកិច្ចបាននាំយកមក ស្នាក់ការអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដែលក្រោមកិច្ចសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ក្រោយពីធ្វើការសាកសួរជនសង្ស័យ ដែលមានបក្ខពួកម្នាក់ទៀតដែលជាមេក្លោងបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។ ដោយឡែកជនសង្ស័យឈ្មោះចិត្ត ជាតិ សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នឹងបន្តរនីតិវិធីបញ្ជូនទៅតុលាការខេត្តឧត្តមជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ឲ្យដឹងថា តាមបណ្ដឹងពីជនរងគ្រោះឈ្មោះ រ័ត្នសំបូរ មានតួនាទីជាមន្រ្តីនគរបាល ដែលត្រូវបានជនសង្ស័យ ធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិនៅចំណុចដីចម្ការមួយកន្លែង ក្នុងភូមិទំនប់ថ្មី ហៅភូមិទំនប់ខ្នោរ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២២ដែលបានបាត់ទ្រព្យសម្បត្តិរួមមាន ផ្ទាំងសូឡាមួយផ្ទាំង អាគុយ២គ្រាប់ ចង្ក្រានហ្គាស់ដាំបាយ និងខ្សែភ្លើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។