ក្រសួងសាធារណការ បញ្ជាក់ពីការយកឯកសារភ្ជាប់តាមខ្លួន នៅពេលបើកបរយានយន្ត
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីឯកសារភ្ជាប់តាមខ្លួន នៅពេលបើកបរយានយន្ត ក្រោយពេល ក្រសួងនេះ បានសង្កេតឃើញនា ថ្មីៗនេះថា មានបងប្អូនប្រជាពលរដ្ឋ មួយចំនួន ជាពិសេសអ្នកបើកបរយានយន្ត បានសំដែងមតិ នៅតាមបណ្ដាញទំនាក់ទំនង សង្គម ពាក់ព័ន្ធនឹងឯកសារ ដែលត្រូវភ្ជាប់តាមខ្លួន ពេលបើកបរយានយន្ត ធ្វើចរាចរណ៍ នៅលើផ្លូវថ្នល់។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ឱ្យបានជ្រាបថាៈ ចាប់ពីឆ្នាំ២០១៧ មក ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការកែទម្រង់ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) លិខិតអនុញ្ញាតឱ្យយានយន្ត ធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីងាយស្រួលគ្រប់គ្រង។ ដូចនេះ ដើម្បីចូលរួមអនុវត្ត ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រសួងសូមធ្វើការណែនាំដល់អ្នកបើកបរយានយន្ត ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួន ដែលរួមមានៈ
១. បណ្ណបើកបរយានយន្ត តម្រូវឱ្យប្រើប្រាស់ឯកសារច្បាប់ដើម។
២. បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះ មិនមាន QR Code តម្រូវឱ្យមានការបញ្ជាក់ ពីស្ថាប័នមានសមត្ថកិច្ច លើច្បាប់ថតចម្លងនោះ ទើបអាចប្រើប្រាស់ជាផ្លូវការបាន។
៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាចប្រើប្រាស់ ឯកសារច្បាប់ថតចម្លង។
៤. ចំពោះរថយន្តដែលប្រកបអាជីវកម្ម ដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួន បន្ថែមនូវលិខិតអនុញ្ញាត ឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ឯកសារ ច្បាប់ ថតចម្លង។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹង ចូលរួមសហការ អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។