កម្ពុជា​-​ថៃ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:

​ភ្នំពេញ​៖ ក្នុងឱកាស​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ឯកឧត្តម​សាស្ត្រាចារ្យ​​បណ្ឌិត Anek Laothamatas រដ្ឋមន្ត្រីក្រសួង​អប់រំ វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​(MHESI) នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម ជាមួយ​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ​។​

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ថ្លែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ដែល​ទទួលបាន​ជោគជ័យ ក្នុងការ​អភិវឌ្ឍ​ធន​ធន​មនុស្ស មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ជាច្រើន ដើម្បី​ចែករំលែក​មកដល់​ប្រទេសជិតខាង​។ ចំពោះ​រដ្ឋាភិបាល​កម្ពុជា បានផ្តល់​អាទិភាព​ខ្ពស់​លំដាប់​ទី​១ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះឯង​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា មាន​ប្រព័ន្ធ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​វិជ្ជាជីវៈ​នេះ ចាប់ពី​កម្រិត​វិញ្ញាបនបត្រ រហូតដល់​បរិញ្ញាបត្រ​។ ស្ថិតក្នុង​បរិបទ​នៃ​ការរីកចម្រើន​សង្គម និង​នវានុវត្តន៍​មានការ​រីកចម្រើន​លឿន ពិសេស​ឧស្សាហកម្ម ៤.០ កម្ពុជា បាន​កំពុង​រៀបចំ​អនុវត្តន៍ នូវ​គោលនយោបាយ​ជាតិ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ជម្រុញ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​។

​ទន្ទឹមនឹង​នេះដែរ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​យកចិត្តទុកដាក់​គាំទ្រ​វិស័យ​ធនធានមនុស្ស​កម្ពុជា ជាពិសេស សម្ត​ច​ព្រះមហាក្សត្រី​ចក្រី​សុរិន្ទ​ថន ដែល​សព្វ​ព្រះ​ហទ័យ ថ្វាយ​អគារសិក្សា​នៅឯ​ខេត្តកំពង់ធំ និង​កំពង់ស្ពឺ នេះ​ជា​ហទ័យ និង​យកចិត្តទុកដាក់​ដ៏​ធំធេង​បំផុត​របស់​សម្ត​ច​ព្រះមហាក្សត្រី​មកលើ​វិស័យ​អប់រំ​របស់​កម្ពុជា​។ ​ជាមួយ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​នេះ វិទ្យាស្ថាន​កម្ពុជា​-​ថៃ (​ពូន​ភ្នំ​) ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ធ្វើ ការបណ្តុះបណ្តាល តាំងពី​ឆ្នាំ​២០០២​មកម្ល៉េះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​នាយករ​ដ្ឋ​មន្ត្រី នៃ​ប្រទេស​ទាំងពីរ​។

​រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា បន្ត​លើកឡើង​ពី​កិច្ចសហការ​របស់​ប្រទេស​ទាំងពីរ​ដែល​បានធ្វើការ​ជាមួយគ្នា​កន្លងមក ទាំង​វិស័យ​ការងារ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ព្រម​ជាមួយនឹង​ការទទួលស្គាល់​ជំនាញ​គ្នា​ទៅវិញទៅមក​ខាង​ផ្នែក​ជាង​អគ្គិសនី និង​ត​បណ្តាញទឹក​នៅក្នុង​អគារ ដែល​ឯកឧត្តម មើលឃើញថា វា​នឹង​បង្ក​លទ្ធភាព​ដល់​ពល​ករក​ម្ពុ​ជា នៅពេលដែល​ត្រឡប់មក​ស្រុកកំណើត​វិញ ងាយស្រួល​នឹង​រក​ការងារ​ធ្វើ មិនតែប៉ុណ្ណោះ​ប្រទេស​ទាំង​ពីរបាន​នឹង​កំពុង​ពិភាក្សាគ្នា​ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​សន្តិសុខ​សង្គម​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ពលករ​ផងដែរ​។

​នាឱកាស​នោះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត Anek Laothamatas បានលើកឡើង​ពី​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​ថៃ ដោយ​បញ្ជាក់ថា នៅ​ថៃ មាន​សាលារៀន​សម្រាប់​ត្រៀម​ចូលរៀន​ផ្នែក​វិស្វកម្ម និង​មហាវិទ្យាល័យ​សម្រាប់​បណ្តុះ​បណ្តាល​គ្រូ​បច្ចេកទេស និង​វិជ្ជាជីវៈ មានឈ្មោះ​ល្បីល្បាញ​ចំនួន​ពីរ គឺ​មហាវិទ្យាល័យ​តិច​ណូ​ឡូ​ជី​រាជ​មង្គល និង​មហាវិទ្យាល័យ​តិច​ណូ​ឡូ​ជី​ព្រះ​ចម​ក្លាវ បើសិនជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា មានការ​ចាប់​អារ​ម្មរណ៍​អាចធ្វើ​ការបញ្ជូន​មន្ត្រី​ទៅ​រៀន​បាន ហើយ​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត ជឿជាក់ថា បន្ទាប់ពី​បញ្ចប់​ការសិក្សា នឹងមាន​សមត្ថភាព​ពេញលេញ​យកទៅ​បណ្តុះបណ្តាល​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ឯកឧត្តម​សាស្ត្រាចារ្យ ក៏​សប្បាយរីករាយ​ពេលដែល​ឃើញថា សេដ្ឋកិច្ច​របស់​កម្ពុជា​មានការ​រីកចម្រើន​លូតលាស់ ហើយ កម្ពុជា​-​ថៃ នៅតែ​បន្ត​សហប្រតិបត្តិការ​ជាមួយគ្នា កាន់តែ​ប្រសើរ​បន្ថែមទៀត ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​។ ​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត Anek Laothamatas បាន​សន្យា​ផ្តល់​អាហារូបករណ៍​តាមរយៈ មហាវិទ្យាល័យ​ដ៏​ល្បីល្បាញ​ចំនួន​ពីរ​របស់​ថៃ​ខាងលើនេះ ដល់​មន្ត្រីរាជការ និង​គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​កម្ពុជា កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង ពិតជា​រីករាយ​ខ្លាំងណាស់ ដែល​ខាង​ភាគី​ថៃ​បានផ្តល់​អាហារូបករណ៍​មកដល់​កម្ពុជា លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ ហើយ​ឯកឧត្តម​ជឿជាក់ថា គ្រប់​វិស័យ​ទាំងអស់​នៃ​ប្រទេស​យើង​ទាំងពីរ​ដែល​បានធ្វើ​កន្លងមក​ជាមួយ​គ្នា កាន់តែ​មានការ​រីកចម្រើន​លូតលាស់ បន្ថែមទៀត​។

​ជា​ចុងក្រោយ​ភាគី​ទាំងពីរ ពេញចិត្ត​នឹង​បន្ត​កិច្ចការ​សំខាន់ៗ​ជាមួយគ្នា ដោយ​ឱ្យ​ក្រុមបច្ចេកទេស​នៃ​ភាគី​ទាំងពីរ​ដើម្បី​បន្ត​ទំនាក់ទំនង​ធ្វើការ​ជាមួយគ្នា ក្នុងការ​ឈានទៅ​រៀបចំ​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close