ខ្យល់គដេកស្លាប់នៅក្នុងបន្ទប់២យប់ហើយ ក្រុមគ្រួសារមិនដឹង
(សៀមរាប)៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជាន់ទី២ ក្នុងផ្ទះរបស់ខ្លួន រយៈពេលពីរយប់ពីរថ្ងៃ ប៉ុន្តែក្រុមគ្រួសារមិនបានដឹង ទើបតែធុំក្លិន ទើបដឹង ហើយក៏រាយការណ៍ជូនសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី ០៥ ខែកក្កដាឆ្នាំ ២០២២ នៅក្នុងបន្ទប់ដេក ជាន់ទី ២ ក្នុងផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុង ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះ មានឈ្មោះ យ៉ាត វណ្ណា ភេទប្រុស អាយុ ៥៦ ឆ្នាំ មានស្រុកកំណើត ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចបន្តថា ករណីនេះ ក្រុមគ្រួសារសាច់ញាតិបានប្តឹងមកសមត្ថកិច្ច ក្រោយពីប្រទះឃើញ សពជនរងគ្រោះ ដេកស្លាប់ និងមានហូរឈាម ចេញតាមមាត់ផង។
បន្ទាប់ពីពិនិត្យជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះ សមត្ថកិច្ចមិនបានរកឃើញមានភាពប្រក្រតីអ្វីដែលពាក់ព័ន្ធនឹងករណីអ្វីផ្សេង នោះឡើយ។ ហើយចំពោះឈាមហូរចេញពីមាត់សាកសព សមត្ថកិច្ចបញ្ជាក់ថា គឺដោយសារ ជនរងគ្រោះ បានស្លាប់ ក្នុងរយៈពេលយូរ (ប្រហែលម៉ោង ១-២ យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២) ទើបបណ្ដាលឱ្យមានហូរឈាមចេញតាមមាត់។
ដោយឡែកមូលហេតុនៃការស្លាប់ សមត្ថកិច្ចបានសន្និដ្ឋាន ករណីស្លាប់នេះគឺ ដោយសារ ខ្យល់គរ ព្រោះជនរងគ្រោះ មានជំងឺប្រចាំកាយ លើសឈាម និង រោគបេះដូងផង។
យ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់ជូន ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។