ប្រតិភូយោធាទីក្រុងហាណូយ និងទីក្រុងវៀងច័ន្ទជួបសម្ដែងការគួរសមជាមួយរដ្ឋបាលរាជធានី
ប្រតិភូយោធាមកពីប្រទេសចំនួន២ មានបញ្ជាការដ្ឋានយោធាទីក្រុងហាណូយ និងបញ្ជាការដ្ឋានយោធាទីក្រុងវៀងច័ន្ទ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បន្ទាប់ពីទីក្រុងទាំង៣ បញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ រវាងបញ្ជាការដ្ឋានយោធាទីក្រុងរបស់ប្រទេសទាំង៣។
ប្រតិភូយោធាមកពីបញ្ជាការដ្ឋានយោធាទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងបញ្ជាការដ្ឋានយោធាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាសាលារាជធានីភ្នំពេញ បន្ទាប់ពីទីក្រុងទាំង៣ បញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ វាងបញ្ជាការដ្ឋានយោធាប្រទេសទាំង៣ ភ្នំពេញ ហាណូយ វៀងច័ន្ទ ដែលបញ្ជាការដ្ឋានកងទ័ពពិសេស នៃរដ្ឋបាលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
មន្ដ្រីសាលារាជធានីភ្នំពេញបានប្រាប់ក្រោយជំនួបនេះថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦នេះ ផ្តោតទៅលើការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី នៃប្រទេសទាំង៣ ប្រជាជនទាំង៣ និងកងទ័ពទាំង៣ឱ្យកាន់តែរឹងមាំ ស្ថេរភាព និងយូអង្វែងបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បានប្រាប់ភាគីហាណូយ និងវៀងច័ន្ទថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ គឺមានតម្លៃ និងមានផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំង៣ ក្នុងការជួយគ្នាទៅវិញទៅមក ព្រោះនៅពេលយើងមានបញ្ហា គឺមានតែប្រទេសជិតខាងនឹងហើយដែលជួយយើងមុនគេ។
ឯកឧត្ដម ង្វៀង ថេកេត ដែលបានដឹកនាំប្រតិភូយោធាមកពីបញ្ជាការដ្ឋានយោធាទីក្រុងហាណូយបានលើកឡើងថា ភាពសប្បាយរីករាយ និងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា គឺជាភាពសប្បាយរីករាយរបស់រដ្ឋ,ប្រជាជន និងកងទ័ពវៀតណាមផងដែរ។ ឯឧត្ដមបន្តថា កម្ពុជា,វៀតណាម,ឡាវ មានភូមិផងរបងជាមួយគ្នានៅពេលមានបញ្ហា យើងត្រូវ រួមគ្នាដោះស្រាយដោយសន្តិវិធី។
ជាមួយគ្នានេះលោកវរសេនីយ៍ឯក ស៊ី ថាក់វីសៃ មេបញ្ជាការ បញ្ជាការដ្ឋានយោធាវៀងចន្ទ័ ក៏បានរំលឹកឡើងវិញពីចំណងមិត្តភាព សាមគ្គីភាពកម្ពុជា.ឡាវ ដែលមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដៀងគ្នា និងជាមិត្តចាស់របស់កម្ពុជា ហើយបានដោះស្រាយបញ្ហាប្រឈម វិវាទនានាតាមបណ្តោយព្រំដែនប្រកបដោយមិត្តភាព សាមគ្គីភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដោយស្មើភាព និងបន្តកិច្ចសហប្រតិបត្តិការគ្នាទាំង៣ទីក្រុង ហើយនឹងដោះស្រាយបញ្ហាជាមួយគ្នាក្នុងក្របខណ្ឌសន្តិវិធី ហើយបើមានបញ្ហាណាមួយកើតឡើងយើងរួមគ្នាដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។