កូន​សត្វ​ផ្សោត​១​ក្បាល​ទៀត ទម្ងន់​ជាង​១០​គីឡូក្រាម ប្រទះឃើញ​ងាប់ នៅ​មាត់ច្រាំង​ទន្លេមេគង្គ​

​ក្រចេះ​៖ កូន​សត្វ​ផ្សោត​ឈ្មោល​ទម្ងន់​ជាង ១០​គីឡូក្រាម មួយ​ក្បាល​ទៀត ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ងាប់​នៅតាម​ដង​ទន្លេមេគង្គ ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ពោលគឺ ក្នុង​តំបន់​អភិរក្ស​តំបន់​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២​។​

​ប្រជាពលរដ្ឋ បានឱ្យដឹងថា ការ​ងាប់​សត្វ​ផ្សោត​ដ៏​កម្រ​នេះ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​
​ហាក់​មាន​ភាពស្រពិចស្រពិល​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យ​ទៅលើ​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ (​មង ឧបករណ៍​ឆក់​ជាដើម​) ដែលនាំឱ្យ​មានការ​គំរាមកំហែង​ដល់​ការរស់រាន​របស់​សត្វ​ផ្សោត​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី​នោះ​។​

​សូមបញ្ជាក់ថា សត្វ​ផ្សោត ជា​ប្រភេទ​សត្វ​កម្រ​មួយ​នៅលើ​ពិភពលោក ប៉ុន្តែ​ការនេសាទ​មួយចំនួន​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​សត្វ​ផ្សោត ទើប​ធ្វើឱ្យ​ពួកវា​ងាប់​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​មាន​អង្គការ​ជាច្រើន បាននិងកំពុង​ចូលរួម​អភិរក្ស សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​អភិរក្ស​សត្វ​ផ្សោត​ដ៏​កម្រ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close