ផ្ទៃ​ដីភ្នំតាម៉ៅ​ដែល​ត្រូវឈូសឆាយ ត្រូវ​ការ​កូនឈើ​ប្រមាណជាង​១០ម៉ឺន​ដើម ដើម្បីដាំឡើងវិញ

បើតាម​ការ​លើក​ឡើង​របស់លោកឧកញ៉ា ម៉ុង ឬទ្ធី បាន​បញ្ជាក់ថា តាមការ​ឱ្យ​ដឹង​ក្រៅ​ផ្លូវ​ការ ផ្ទៃ​ដី​ដេលឈូសឆាយ​នៅ​តំបន់ភ្នំតាម៉ៅ គឺមាន​ចំនួន​ប្រមាណជា៥០០ហិកតា ដូច្នេះ​គេ​ត្រូវ​ការ​កូនឈើ​ប្រមាណជា ១០២០០០ដើម ដើម្បីដាំ​នៅទីតាំងនោះ​ឡើងវិញ។

យ៉ាងណាក៏ដោយ លោកឧកញ៉ា ម៉ុង ឬទ្ធី បានត្រៀម​រួចហើយ​ក្នុង​ការ​ចូលរួម​ដាំដើមឈើ​ឡើងវិញ​នៅ​តំបន់ភ្នំតាម៉ៅ ដោយ​នៅ​ថ្ងៃទី៨ ខែសីហា លោកឧកញ៉ា បាន​ដឹកជញ្ជូនកូនឈើបេងចំនួន ១០០០ដើម កូនឈើ​ធ្នង់​ចំនួន ១០០០ដើម។ បើតាម​លោកឧកញ៉ា នៅ​ថ្ងៃទី៩ ខែសីហា លោកនឹង​បញ្ជូន​កូនឈើ​បេង និង​ធ្នង់​ចំនួន​៥០០០ដើមបន្ថែម​ទៀត ហើយ​នឹង​អាចដឹកជញ្ជូន​ជាបន្ត​បន្ទាប់​ថែមទៀត។

ជាមួយ​គ្នា​នេះ លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏​បានថ្លែង​ដោយ​ស្វាគមន៍​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ចង់ចូលរួម​ចំណែក​ដាំដើមឈើ​ឡើងវិញ ដោយ​លោកឧកញ៉ា​ស្វាគមន៍ចំពោះ​ការ​ចូលរួម​ ហើយ​ពេលនេះ​លោកឧកញ៉ា រួមជាមួយ​ក្រុមអ្នក​បច្ចេកទេស​ បុគ្គលិកកម្មករ​ផ្នែក​កសិកម្មរបស់ក្រុមហ៊ុន​ម៉ុងឬទ្ធីគ្រុប បានទៅ​កាន់ភ្នំតាម៉ៅ ដើម្បីធ្វើការ​ដាំ​ដើមឈើ​ឡើងវិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close