ក្រសួងទេសចរណ៍ សម្រេច​លើកលែង​កាតព្វកិច្ច​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ជា​ប្រភេទ​សហគ្រាស​ធុន​តូច និង​មធ្យម​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ ដែលមាន​គណៈកម្មការ​រៀបចំ​និង​វាយតម្លៃ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ (​គ​.​រ​.​ច​.) ជា​សេនាធិការ បានសម្រេច​លើកលែង​កាតព្វកិច្ច​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ចំពោះ​រាល់​អាជីវកម្ម​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ជា​ប្រភេទ​សហគ្រាស​ធុន​តូច និង​មធ្យម (​ជាប់ពន្ធ​តូច និង​ពន្ធ​មធ្យម​)​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ស្ដីពី​ការកែសម្រួល​លក្ខខណ្ឌ​កាតព្វកិច្ច​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ នា​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បញ្ជាក់ថា ក្នុង​គោលបំណង​ជំរុញ​ដល់​ការបើក​ដំណើរការ​អាជីវកម្ម​ជា​ប្រភេទ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងដំណាក់កាល​ងើបឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ គណៈកម្មការ​រៀបចំ​និង​វាយតម្លៃ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ (​គ​.​រ​.​ច​.) សម្រេច​លើកលែង​កាតព្វកិច្ច​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ចំពោះ​រាល់​អាជីវកម្ម​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ជា​ប្រភេទ​សហគ្រាស​ធុន​តូច និង​មធ្យម (​ជាប់ពន្ធ​តូច និង​ពន្ធ​មធ្យម​) ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​អាជីវកម្ម​ប្រភេទ​ខាងលើនេះ មាន​ជម្រើស (​ដោយ​ស្ម័គ្រចិត្ត​) ក្នុងការ​ស្នើសុំ​ការវាយតម្លៃ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​តាម​លក្ខខណ្ឌ​អាជីវកម្ម​របស់ខ្លួន​។​ ​អនុវត្តតាម​សេចក្តីជូនដំណឹង​ខាងលើ ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ជា​សហគ្រាស​ធុន​ធំ (​ជាប់ពន្ធ​ធំ​) នៅតែ​បន្ត​ជាប់​កាតព្វកិច្ច​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ និង​ត្រូវ​រួសរាន់​ដាក់ពាក្យ​ស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​នៅ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​រៀបចំ និង​វាយតម្លៃ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ដែលមាន​ទីតាំងនៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ឬ​នៅតាម​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ជៀសវាង​រង​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់​ស្របតាម​ស្មារតី​ប្រកាស​អន្តរក្រសួង​លេខ ១៦០ សហវ​.​ប្រក ស្តីពី​ការផ្តល់​សេវាសាធារណៈ និង​ការពិន័យ​ជា​ប្រា​ក់ដោយ​ក្រសួងទេសចរណ៍​។​

​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ការសម្រេច​លើកលែង​កាតព្វកិច្ច​នេះ​ធ្វើ​អនុវត្តតាម​សេចក្តីជូនដំណឹង​លេខ ៣៦ សជណ​.​ហ​ធ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​លើកស្ទួយ​សហ​គ្រាន​ធុន​តូច និង​មធ្យម​លើក​ទី​២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close