កម្ពុជា នឹងនាំចេញផលិតផលសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ព្រមជាមួយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញមួយចំនួនទៀតក៏បានអញ្ជើញចូលរួមជាសាក្សីផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណជូនចំពោះលោកនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែង សហ ការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។ ឯកឧត្តម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់ភាគីទាំងពីរ ដែលឈានមកដល់ការចុះហត្ថលេខាលើឯកសារ MOU នាពេលនេះ។
ឯកឧត្តមបានលើកឡើងថា ទឹកមាត់ត្រចៀកកម្មកម្ពុជា កន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅ ផ្លូវការ។ ឯកសារ MOU ដែលនឹងចុះហត្ថលេខានៅពេលបន្តិចទៀតនេះនឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។ ផលិតផលមានទីផ្សារ ឯកឧត្តមបញ្ជាក់បន្ថែមថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីសារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌលបានលើកឡើងថាមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី។
ឯកឧត្តមរដ្ឋមន្ដ្រីបាន សាទរ និងបង្ហាញឆន្ទ:គាំទ្រលើដំណើរការនៃការអនុវត្តខ្លឹមសារ MOU របស់ភាគីទាំងពីរ រួមជាមួយភាគីពាក់ព័ន្ធក្នុងនោះក៏មានអ្នកចិញ្ចឹមផងដែរ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់អ្នកចិញ្ចឹមត្រចៀកកាំ សូមអញ្ជើញមកទាក់ទងអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមតាមរយ:លោកកែ មុន្ធិវុធ ប្រធានាយកដ្ឋាអនាម័យ និងភូតគាមអនាម័យទូរស័ព្ទ ០១២ ៤២៥៥៥៨។
យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថា តាមស្ថិតិរបស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។ សំបុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ/គក្រ និងសំបុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ/គក្រ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្មបានទទួលជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជាតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian។មជ្ឈមណ្ឌលនេះកំពុងសហការជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែនការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រមូលទិញ និងកែច្នៃសំបុកត្រចៀកកាំនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិន និងមានបំណងផ្តល់កិច្ចសហការជួយកម្ពុជាក្នុងការរៀបចំឯកសារចរចាបើកទីផ្សារនេះ រួមទាំងធ្វើជាអន្ធការីសម្របសម្រួលការងារនេះជាមួយ GACC ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។