ឥទ្ធិពល​ព្យុះទី៧ អាចធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ នៅកម្ពុជា ចាប់ពី​ថ្ងៃទី​១០-១៦ ខែសីហា​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ព្យាករណ៍​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១០ ដល់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា នៅ​ចន្លោះ​ថ្ងៃទី​១០-១៣ ខែសីហា កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ​, ឡាវ​, វៀតណាម រួម​ជាមួយនឹង​ឥទ្ធិពល​ព្យុះ​ទី​៧ ឈោះ្ម មូ​ឡេ​ន (MULAN) ដែលមាន​ដំណើរ​ឆ្ពោះទៅ​ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​។​

​នៅ​អំឡុងពេល​នោះដែរ ខ្យល់មូសុង​និរតី​បន្ត​បក់​ខ្លាំង មកលើ​តំបន់​មាត់សមុទ្រ​។ បន្ទាប់ពីនោះ​កម្ពុជា​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌូ និង​ខ្យល់មូសុង​និរតី​ខ្សោយ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* នឹង​អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ក្នុងនោះ​អាច​ភ្លៀង​បង្គួរ​ដោយ​អន្លើ និង​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C ||
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ ºC
* នឹង​អាចមាន​ភ្លៀង​នៅ ក្នុង​កម្រិត​ពី តិច​ទៅ​ទៅ​បង្ហូរ​លាយឡំ​ទៅដោយ ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​

* នៅ​ចន្លោះ​ថ្ងៃទី​១០-១២ ខែសីហា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន​នៅ ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ នៅលើ​ផ្ទៃ​ស​មុទ​អាចមាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ ។ បន្ទាប់ពីនោះ​ភ្លៀង​នឹង​ថមថយ​មក​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close