កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនរដ្ឋមន្ត្រីអាស៊ាន អបអរសាទរ ទិវាអាស៊ានលើកទី៥៥
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ឆ្នាំ២០២០-២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥នៅសាលសន្នីសីទចតុម្មុខរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០២២។
លោកជំទាវបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងសាមគ្គីភាព សហគមន៍តែមួយជោគវាសនារួម តាមរយៈ កាពង្រីក ការផ្សព្វផ្សាយ និង កិច្ចសហប្រតិបត្តិការសហគមន៍ ទាំងមានបញ្ហាសេដ្ឋកិច្ចនយោបាយ សន្តិសុខសង្គម វប្បធម៌ ។ លោកជំទាវបង្ហាញពីមោទនភាព ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ហើយកម្ពុជា ប្តេជ្ញាដឹកនាំកិច្ចប្រជុំអាស៊ាន ក្រោមប្រធានបទ«អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សម្រាប់ ការផ្សះផ្សា សន្តិភាព និង ភាពចម្រុងចម្រើន នៅក្នុងតំបន់ទាំងមូលឱ្យទទួលបានជោគជ័យ។
លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ បានបន្តថា ប៉ុន្មានឆ្នាំថ្មីៗនេះយើងបានកំណត់គោលនយោបាយនិងយុទ្ធសាស្ត្រដើម្បីការពារនិងរក្សាកេរ្តិ៍ ដំណែល វប្បធម៌ ដ៏សម្បូរបែប និងឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានោះយើង ក៏មានកិច្ចការសំខាន់ផ្សេងទៀត ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រឹងមាំក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាពិសេស ក្នុងវិស័យវប្បធម៌ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើងដើម្បីឈានដល់គោលដៅសម្រេចឱ្យបាននូវសហគមន៍ អាស៊ានសង្គម-វប្បធម៌ឆ្នាំ២០២៥។ ក្នុងក្របខ័ណ្ឌរបស់រដ្ឋមន្ត្រីអាស៊ាន ដែលទទួលបន្ទុកផ្នែកវប្បធម៌ និងវិចិត្រសិល្បៈ យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហានានា ជាពិសេសការទទួលឥទ្ធិពលបច្ចុប្បន្នរបស់COVID-19ដើម្បីស្វែងរកផ្លូវសម្រាប់វិស័យវប្បធម៌ ដើម្បីឈានទៅមុខក្នុងលក្ខណៈដ៏រស់រវើក និងមានភាពស្វាហាប់ជាងមុន។
លោកជំទាវសង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែជាការប្រារព្ធពិធី នៃវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែ នឹងពង្រឹងចំណងមិត្តភាពមិត្តភាព វប្បធម៌ ទំនៀមទំលាប់ ដែលអនុញ្ញាតឲ្យយើងផ្លាស់ប្តូរគំនិត និងរៀនសូត្រពីគ្នាទៅ វិញទៅមកដោយអនុលោមទៅតាមស្មារតីអាស៊ាន៖“ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយសហគមន៍មួយ”។ ពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥នេះមានរៀបចំជាកម្មវិធីសំនួរចម្លើយចំណេះដឹងពីអាស៊ាន,ការសម្តែងទស្សនីយភាពរបាំអាស៊ាន ការសម្តែងនិងប្រគំជូនចម្រៀងអាស៊ាន,ពិព័រណ៍រូបថតសមិទ្ធផលក្នុងក្របខណ្ឌអាស៊ានផ្នែកវប្បធម៌និងសិល្បៈជាដើម។
សូមបញ្ជាក់ថាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ដោយ៥ប្រទេសដូចជា៖ប្រទេសឥណ្ឌូនេស៊ី,ម៉ាឡេស៊ី,ពីលីពីន,សិង្ហបុរី និងថៃ នៅទីក្រុងបាំងកកប្រទេសថៃ។ បច្ចុប្បន្ននេះ អាស៊ានមានសមាជិកចំនួន១០ប្រទេសរួមមាន៖ ប្រទេសប្រ៊ុយណេ , កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម។ មកដល់ពេលនេះ អាស៊ានមានប្រជាជនជាង៦៦១លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុប (GDP)ជាង៣ទ្រីលានដុល្លារអាមេរិក និងពាណិជ្ជកម្មលើសពី២,៧ទ្រីលានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។