ក្រុងសេអ៊ូល និងតំបន់ផ្សេងទៀត បានជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំង
ទីក្រុងសេអ៊ូល និងតំបន់ផ្សេងៗទៀតនៅកូរ៉េខាងត្បូងបានជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្លា កាលពីយប់មិញ។ ដងផ្លូវភាគច្រើននៅសេអ៊ូល ស្ថិតក្រោមជំនន់ទឹកភ្លៀង ខណៈខ្សែរថភ្លើងក្រោមដី និងរថយន្តក្រុងនានា ត្រូវបានបិទចរាចរណ៍ រួចមកហើយ។
ផ្ទះនិងហាងលក់ទំនិញនានាក៏បានជន់លិច ខណៈការធ្វើដំណើរចរាចរណ៍កកស្ទះណែនតាន់តាប់។ តំបន់ខ្លះដាច់ភ្លើងអគ្គិសនី ហើយប្រជាជននៅតំបន់ទំនាបត្រូវបានជម្លៀស ខណៈស៊ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើង ដល់ម៉ោង ១១យប់។
មន្ត្រីជំនាញថា ភ្លៀងខ្លាំងធ្វើឱ្យកម្ពស់ទឹកឡើងដល់ ១៧០មីលីម៉ែត្រ លាយលំជាមួយខ្យល់កន្ត្រាក់ និងរន្ទះ នឹងបន្តមាននៅតំបន់កណ្តាលកូរ៉េខាងត្បូង រហូតដល់ថ្ងៃពុធទី១០ សីហា ។ ប្រភពព័ត៌មានចុងក្រោយ គ្រោះទឹកជំនន់ដ៏អាក្រក់នៅកូរ៉េខាងត្បូងនេះបានឆក់យកជីវិតមនុស្ស៧នាក់ហើយ និងមនុស្ស៦នាក់ទៀតបានបាត់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។