ករណីបង្រ្កាបល្បែងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ឥឡូវនេះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំប្រមាណ១០នាក់ត្រូវព្យួរការងារដើម្បីស៊ើបអង្កេត
បើតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា ពេលនេះមន្រ្តីកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំប្រមាណ១០នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យមនុស្សស្លាប់ពេលចុះប្រតិបត្តិការបង្រ្កាបល្បែងអនឡាញត្រូវបានព្យួរការងារហើយ។
បើតាមមន្រ្តីរូបនេះ មន្រ្តីកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំទាំងប្រមាណ១០នាក់នោះមិនទាន់ត្រូវបានដាក់ទណ្ឌទោសយ៉ាងណានោះទេ ដោយត្រឹមព្យួរការងារ ដើម្បីបើកការស៊ើបអង្កេត។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានបណ្តាញសង្គមមួយបានបោះព័ត៌មានពីករណីអនុវត្តច្បាប់របស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ពេលចុះបង្រ្កាបបទល្មើសល្បែងតាមអនឡាញ ដោយបានសង្កត់កបុរសម្នាក់បណ្តាលឱ្យស្លាប់។
ករណីនេះបានផ្តើមឱ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រៀបចំបង្កើតគណៈកម្មការចុះធ្វើការស៊ើបអង្កេតបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។