គ​.​ជ​.​ប ឲ្យ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ តុលា

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានកំណត់​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត រាជធានី​-​ខេត្ត ណែនាំ​ដល់​ប្រជា​ពល រដ្ឋ​ក្នុង​មូលដ្ឋាន ទៅធ្វើ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ នេះ ចាប់ផ្តើម​ពីថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែតុលា រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ នេះ ។​


​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​រួចមក គ​.​ជ​.​ប បានសម្រេច​កែសម្រួល និង​ឯកភាព​ជាគោលការណ៍​លើ​ខ្លឹមសារ​ឯកសារ​សៀវភៅ​ណែនាំ និង​សៀវភៅ​ជំនួយស្មារតី​ទាំងនោះ​។

​តាម​ខ្លឹមសារ​ដែល​បាន​កែសម្រួល គឺ​៖ អ្នក​គ្រប់​អាយុ​១៨​ឆ្នាំ​ឡើង ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ នេះ គឺ​អ្នក​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០០៥​។ រយៈពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ នេះ មាន​ចំនួន ៥០​ថ្ងៃ​។ ក្នុងអំឡុង​ពេលនោះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​បិទ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​៖ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ និង នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ ដើម្បី​ប្រជុំ​ជាមួយ ក្រុម​ចុះឈ្មោះ​បោះឆ្នោត វាយតម្លៃ​ការងារ​របស់ខ្លួន​។
​ឯកសារ​ដែល​អគ្គលេខា​ធិ​ការដ្ឋាន គ​.​ជ​.​ប ស្នើសុំ គ​.​ជ​.​ប ពិនិត្យ និង​សម្រេច រួមមាន​៖
១. ខ្លឹមសារ​សៀវភៅ​ណែនាំ និង​ឯកសារ​ជំនួយស្មារតី សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។
២. សេចក្តីព្រាង​សៀវភៅ​ណែនាំ ស្តីពី​នីតិវិធី​នៃ​ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close