ជំនន់​ទឹកភ្លៀង នៅ​កូរ៉េខាងត្បូង សម្លាប់​មនុស្ស ៩​នាក់ និង ៦​នាក់​ទៀត កំពុង​បាត់​ខ្លួន​

​សេ​អ៊ូ​ល​៖ ក្រុមមន្ត្រី​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស ៩​នាក់​បាន​ស្លាប់ ដោយ​អ្នកខ្លះ​លង់ទឹក​នៅក្នុង​ផ្ទះ​របស់​ពួកគេ និង ៦​នាក់​ទៀត​កំពុង​បន្ត​បាត់​ខ្លួន ជាមួយនឹង​ការព្យាករណ៍​មាន​ភ្លៀង​ធ្លាក់​ថែមទៀត​។​

​ជំនន់​ទឹកភ្លៀង​បាន​កើន​លើសពី ៤៥​សង់ទីម៉ែត្រ ដែល​ត្រូវបាន​វាស់វែង​នៅក្នុង​សង្កាត់ Dongjak ដែល​រងគ្រោះ​ខ្លាំង​បំផុត​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ល្ងាច​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​។

​ទឹកភ្លៀង​នៅ​តំបន់​នោះ កើន​លើសពី ១៤ សង់ទីម៉ែត្រ​ក្នុងពេល​មួយ​ម៉ោង​នៅ​ចំណុច​មួយ​កាលពី​យប់​ថ្ងៃ​ចន្ទ ដែលជា​ការធ្លាក់​ភ្លៀង​ខ្ពស់បំផុត​ក្នុងពេល​មួយ​ម៉ោង ដែល​បាន​វាស់វែង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ចាប់តាំងពី​ឆ្នាំ ១៩៤២​។

​រថយន្ត និង​ឡានក្រុង​ដែល​ត្រូវបាន​បោះចោល​ត្រូវបាន​គេ​ឃើញ​រាយប៉ាយ​នៅតាម​ដងផ្លូវ ខណៈដែល​កម្ពស់​ទឹកបាន​ស្រក​ចុះ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។ កម្មករ​បាន​ឈូសឆាយ​ដើមឈើ ភក់ និង​កម្ទេចកម្ទី​ដោយ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ហើយ​បិទផ្លូវ​ដែល​បាក់​។​

​ការព្រមាន​អំពី​ការ​រអិល​បាក់​ដី​ត្រូវបាន​ធ្វើឡើង​ក្នុង​ទីក្រុង​ជិត ៥០ ហើយ​ផ្លូវ​ឡើង​ភ្នំ​ចំនួន ១៦០ ក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​ខេត្ត កាង​វ៉ុ​ន ដែលជា​ភ្នំ​ត្រូវបាន​បិទ​។ ក្រុម​សង្គ្រោះបន្ទាន់​បានធ្វើការ​ពេញ​មួយ​យប់ ដើម្បី​ស្តារ​សេវា​រថភ្លើង​ក្រោម​ដី​ភាគច្រើន​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។

​ផ្លូវ​ដែល​ត​ភ្ជាប់​ទីក្រុង​ភាគ​ខាងជើង​នៃ​ទីក្រុង​សេ​អ៊ូ​ល ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន មុនពេល​បើក​ឡើងវិញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ខណៈដែល​ជំនន់​ទឹកភ្លៀង​នៅតែ​បន្ត​ជន់​លិច​ស្ថានីយ៍​មួយចំនួន​។ ដោយឡែក​ផ្លូវ​រាប់សិប​កន្លែង រួមទាំង​ផ្លូវ​ល្បឿន​លឿន​សំខាន់ៗ​នៅ​ជិត​ទន្លេ ហាន ត្រូវបាន​បិទ ដោយសារតែ​ការកើនឡើង​កម្រិត​ទឹក ឬ​ទឹកជំនន់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close