ទឹកទន្លេស្រែពក ឡើងដល់កម្ពស់ ១២ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ១២,៥០ម៉ែត្រ គិតត្រឹមព្រឹកនេះ
ខេត្តរតនគិរី៖ ក្នុងទិសដៅត្រៀមលក្ខណៈការពារទុកជាមុន នូវគ្រោះមហន្តរាយទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកស្ថិតនៅក្នុងស្រុកលំផាត់។
នៅក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពទឹកនេះឯកឧត្តម គិត ទ្រី បានជួបប្រជុំជាមួយអាជ្ញាធរស្រុកដោយឯកឧត្តម បានលើកឡើងថា បើទោះបីជានៅតាមស្រុកដែលនៅតាមបណ្តោយទន្លេ ក៏ដូចជាខេត្តរតនគិរីទាំងមូល មិនទាន់ជួបបញ្ហាប្រឈមនូវគ្រោះទឹកជំនន់នៅឡើយ ក៏ពិតមែន តែយើងក៏មិនត្រូវមានការធ្វើសប្រហែស បណ្តែតបណ្តោយទុកឲ្យស្ថានការណ៍កើតឡើងទើបយើងរកដំណោះស្រាយនោះទេ។
ឯកឧត្តមបន្តថា ជាក់ស្តែងគិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ផ្ទៃមេឃនៅតែមានសភាពអួអាប់ហើយភ្លៀងអាចនឹងបន្តធ្លាក់ទៀត តែនៅក្នុងខេត្ត មិនទាន់មានស្រុកដែលនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសាន្ត មានបញ្ហាប្រឈម និងគ្រោះទឹកជំនន់នោះឡើយ ប៉ុន្តែបញ្ហាសំខាន់ទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធសូមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអោយប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេបឹង មាត់អូរ អោយពួកគាត់ ត្រូវមានការប្រុងប្រយ័ត្នអំពីទ្រព្យសម្បត្តិ សត្វគោ ក្របី ជ្រូក មាន់ ទា និងត្រូវអប់រំណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាសចៀសវាងនាំឲ្យមានករណីគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ជាពិសេស ត្រូវបន្តតាមដានអោយបានជាប់ជាប្រចាំពីស្ថានភាពទឹកទន្លេដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពគ្រប់ពេលវេលា ប្រសិនបើមានគ្រោះទឹកជំនន់កើតឡើងដោយប្រការណាមួយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ ស្ថានភាពជលសាស្ត្រ ទន្លេស្រែពក ទឹកមានកម្ពស់១២
ម៉ែត្រគត់ ខណៈដែលចំណុចប្រកាសអាសន្ន១២,៥០ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។