ឯកឧត្តម សាយ សំ​អាល់​៖ កម្ពុជា​អាច​លក់​កាបូន​បាន គឺជា​របត់​ថ្មី​មួយ ដែល​កម្ពុជា​អាច​រកចំណូលបាន​ពី​ការអភិរក្ស​ធនធានធម្មជាតិ​

​ភ្នំពេញ​៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកឡើងថា កម្ពុជា​អាច​លក់​កាបូន​បាន គឺជា​របត់​ថ្មី​មួយ ដែល​កម្ពុជា​អាច​រកចំណូលបាន​ពី​ការអភិរក្ស​ធនធានធម្មជាតិ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការអភិរក្ស​ព្រៃឈើ ក្នុង​តំបន់ការពារធម្មជាតិ នា​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែសីហា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួងបរិស្ថាន​។



ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​ការលក់​កាបូន ដែល​កម្ពុជា​ទទួលបាន​ជោគជ័យ ក្នុងការ​កៀរគរ​ធនធាន ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ តាមរយៈ​ការអនុវត្ត​គម្រោង រេ​ដ​បូក REDD+ ដោយ​ធានា​ដើមឈើ​ឈរ ក៏​អា​ចរក​ចំណូល​សម្រាប់​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​។

​សិក្ខាសាលា​ស្តីពី​ការអភិរក្ស​ព្រៃឈើ ក្នុង​តំបន់ការពារធម្មជាតិ នាពេលនេះ​នឹង​បាន​ផ្សព្វផ្សាយ​បន្ថែម ទៀត​ដល់​មហាជន​ឲ្យ​បាន​យល់​ដឹងថា​ពី​ភាពប្រសើរឡើង នៃ​ការការពារ​អភិរក្ស​ដែល​អាច​រកឃើញ​របត់​ថ្មី​មួយ​យ៉ាងសំខាន់​នៃ​ការលក់​កាបូន​របស់​កម្ពុជា​។ ឯកឧត្តម សាយ សំ​អាល់ សង្ឃឹមថា​ក្រុមហ៊ុន​បរទេស​ធំៗ​ផ្សេងទៀត អាច​ទិញ​កាបូន​ថែមទៀត​របស់​កម្ពុជា​។

​សូមបញ្ជាក់ថា ថវិកា​ដែល​បានមកពី​ការលក់​កាបូន​នេះ គឺ​បាន​យក ទៅ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ពង្រឹង​ជីវភាព​សហគមន៍ ដូចជា​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ ការចិញ្ចឹម​សត្វ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយ​ដល់​សាលារៀន មធ្យោបាយ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ លើ​វិស័យ​បរិស្ថាន​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close