ភ្ញៀវទេសចរណ៍អន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ
ខេត្តសៀមរាប៖ មន្ដ្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលបានទិញសំបុត្រសម្រាប់ទស្សនាប្រាសាទអង្គរវត្ដក្នុងរយៈពេលមួយថ្ងៃ អាចទស្សនាបានចំនួន២ថ្ងៃ និងមានសុពលភាពរយៈពេលប្រាំថ្ងៃ ដែលមានន័យថា ក្នុងរយៈពេលប្រាំថ្ងៃនោះ ភ្ញៀវទេសចរណ៍អាចទស្សនារមណីយដ្ឋានអង្គរនៅពេលណាក៍បាន។
ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីធ្វើឱ្យមានភ្ញៀវទេសចរ ទៅទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើន ក្រោយពេលជំងឺកូវីដ-១៩បានធូរស្រាលនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើគោលនយោបាយរៀបចំលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ សម្រាប់ភ្ញៀវទេសចរបរទេស គឺពួកគាត់ទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ មានន័យថា ក្នុងរយៈពេលចន្លោះប្រាំថ្ងៃនេះ ពួកគាត់ចូលទស្សនាក្នុងចន្លោះថ្ងៃណាក៍បាន ខណៈដែលកន្លងមកអ្នកទេសចរទិញមួយថ្ងៃបានត្រឹមមួយថ្ងៃ។ ឯកឧត្ដម ឡុង កុសល បានឱ្យដឹងបែបនេះ នៅក្នុងសន្នីសិទសារព័ត៌មាន នៅខាងមុខអង្គរវត្ដ កាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ។
ឯកឧត្ដមបានបន្ដថា បើភ្ញៀវទេសចរទិញសំបុត្រក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរអាចចូលទស្សនារមណីយដ្ឋានអង្គរបានចំនួនប្រាំថ្ងៃ និងមានសុពលភាព១០ថ្ងៃ ហើយសម្រាប់សំបុត្រមានរយៈពេល៧ថ្ងៃ ភ្ញៀវអាចចូលទស្សនាបានចំនួន១០ថ្ងៃ និងមានសុពលភាពចំនួន៣០ថ្ងៃ។ ជាមួយគ្នានោះក៍មានសំបុត្រចូលទស្សនារយៈពេលវែងផងដែរសម្រាប់អ្នកទេសចរដែលមានវីសារចាប់ពី៣ខែឡើងទៅ រួមមានទិញសំបុត្រក្នុងរយៈពេលមួយខែអាចចូលទស្សនា អាចចូលទស្សនាបានចំនួន២ខែ, ទិញសំបុត្រក្នុងរយៈពេលបីខែ អាចទស្សនាបាន៦ខែ និង ទិញសំបុត្រក្នុងរយៈពេល៦ខែអាចចូលទស្សនាមួយឆ្នាំ។
ឯកឧត្ដម ឡុង កុសល បានបន្ថែមថា ការធ្វើបែបនេះ ដើម្បីលើកទឹកចិត្ដដល់ភ្ញៀវទេសចរអន្ដរជាតិដែលបានស្នាក់នៅប្រទេសកម្ពុជាក្នុងរយៈពេល២ឆ្នាំឡើងទៅ។ បើតាមឯកឧត្ដម ឡុង កុសល បានលើកឡើងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ មានអ្នកទេសចរអន្ដរជាតិទៅទស្សនារមណីយដ្ឋានអង្គរមានប្រមាណ៩ម៉ឺននាក់ ខណៈដែលអ្នកទេសចរក្នុងស្រុកសរុបមានប្រមាណបីលាននាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។