វត្តមាន​កូនដំរី​តូចៗ​ក្នុងព្រៃ​ធម្មជាតិ​បង្ហាញ​ពី​ក្តីសង្ឃឹម​នៃ​កំណើន​សត្វ​ដំរី​ក្នុងព្រៃ​ធម្មជាតិ និង​បង្ហាញ​ពី​កម្រិត​សុវត្ថិភាព​ខ្ពស់​នៃ​ដែនជម្រកសត្វព្រៃ​

​ថ្ងៃនេះ​ពិភពលោក​ទាំងមូល រួមទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវា​ដំរី​ពិភពលោក ១២ សីហា ដោយបាន​តាំងចិត្ត​ខ្ពស់​ក្នុងការ​ថែរក្សា​អភិរក្ស​សត្វ​ដំរី និង​ផ្តល់នូវ​ទីជម្រក​សុខសាន្ត​ដោយ​គ្មាន​ការគំរាមកំហែង​ពី​ការ​បរបាញ់ កាត់បន្ថយ​ជម្លោះ​រវាង​មនុស្ស និង​ដំរី​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ ២០២២ ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​អន្ទាក់​សូន្យ​ថា កម្ពុជា​បច្ចុប្បន្ននេះ មាន​ដំរី​អាស៊ី​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល​ដែល​ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប (​តំបន់​ព្រៃ​ឡង់​) និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ខេត្តរតនគិរី ដែលជា​តំបន់​ជីវៈចម្រុះ​ដ៏​សំបូរបែប​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន​ប្រមាណ​ជាង ៧០​ក្បាល​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ប្រទេស​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​ក្នុងការ​អភិរក្ស​សត្វ​ដំរី ដែល​នៅ​លេស​សល់​នៅលើ​ពិភពលោក​ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ដោយបាន​អំពាវនាវ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងឡាយ ដែលមាន​លក្ខណៈ​គំរាមកំហែង​ដល់​ដំរី​ជាពិសេស​កាត់បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​។ ឯកឧត្តម​បានលើកឡើង​ថា «​ដំរី​អាស៊ី​កំពុង​រង​ការគំរាមកំហែង​នៅលើ​សកលលោក​ដោយសារ​តែ​នៅតែ​មានការ​បរបាញ់ ការដាក់​អន្ទាក់ ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរី និង​ការចាប់​ផ្ស៊ាំ​យកមក​ចិញ្ចឹម​ក្នុងស្រុក ដែល​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ដំរី​ឱ្យបាន​គង់វង្ស​»​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា យោងតាម​ការសិក្សា​ស្រាវ​
​ជ្រាវ​របស់​អ្នកជំនាញ​ក្នុង​រយៈពេល​៦០ ទៅ ៧០​ឆ្នាំ​ចុង​ក្រោយនេះ​ចំនួន​ដំរី​អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា ៥០ ភាគរយ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០ ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧​ក្បាល ដែល​កំពុង​រស់នៅក្នុង​ព្រៃ​សត្វ​ថ្ងៃ ក្នុងនោះ​ប្រហែល ៧៥ ភាគរយ​រស់នៅ​ក្នុងប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។ ដំរី​អាស៊ី ត្រូវបាន​ចាត់ទុកថា ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារៈសំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅក្នុង​ដែន​ជម្រក​របស់​វា​។​

​ជាមួយគ្នានេះដែរ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​បន្ថែមថា ការ​រិច​រិល​នៃ​ទីជម្រក​បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា និង​បង្ក​ជា​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថេរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។ យោងតាម​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​បានដាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​បាន​រកឃើញថា ដំរី​អាស៊ី​បានរស់នៅ​ជា​ហ្វូង​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ហើយ​មាន​ឃើញ​កូនតូចៗ​ជាច្រើន​ថែមទៀត​។ វត្តមាន​កូនដំរី​តូចៗ​ដែល​ទើបនឹង​កើត​នៅក្នុង​ហ្វូង​ដំរី​ធំៗ គឺជា​ក្តីសង្ឃឹម​របស់​ក្រុម​អ្នក​អភិរក្ស​និង​ក្រុម​អ្នក​បរិស្ថាន និង​បង្ហាញថា​ដែនជម្រកសត្វព្រៃ​កម្ពុជា​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​ការ​រ​ស់​នៅ និង​សម្រាប់​ការបន្ត​ពូជ​របស់​សត្វ​ដំរីព្រៃ​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ថ្មីៗ​នេះ កូវ​ដំរី​ស្រុក ២ ក្បាល​បានកើត​នៅ​រតនគិរី និង​នៅ​មណ្ឌលគិរី ដែល​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ការងារ​អភិរក្ស​ដំរី​ស្រុក ផងដែរ​ដែល​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​។  ​ទោះបីជា​ស្ថានភាព​នៃ​ការអភិរក្ស​តំបន់ការពារធម្មជាតិ​មាន​ភាពល្អប្រសើរ​ផ្តល់​ទីជម្រក ប្រភពទឹក និង​ចំណី​សម្រាប់​សត្វ​ដំរី​រស់នៅ តែ​កត្តា​គំរាមកំហែង​មួយចំនួន​នៅតែមាន​ជាពិសេស​ជម្លោះ​រវាង​មនុស្ស និង​ដំរី ពោលគឺ​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ខុសច្បាប់​របស់​ក្រុម​ជនខិលខូច បាន​ប៉ះពាល់​ដល់ទី​ជម្រក​រប​ស់​សត្វ​ដំរី និង​កន្លែង​ដែល​ដំរី​ធ្លាប់​រស់នៅ​និង​រក​ចំណី និង​ប្រភពទឹក ដែល​ពេលខ្លះ មានការ​ជាន់​កម្ទេច​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​សត្វ​ដំរី​ជាដើម​។ ម្យ៉ាងទៀត គេ​ក៏បាន​រកឃើញថា កូនដំរី​ព្រៃ​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយសារតែ​ការដាក់​អន្ទាក់ និង​ការចាប់​ដំរី​ព្រម​ក​ចិញ្ចឹម និង​ហ្វូង​ដំរីព្រៃ​មាន​ចំនួន​តិចតួច​ជា​កត្តា​គំរាមកំហែង​ផងដែរ​។​

​ចំពោះមុខ​នៃ​ការគំរាមកំហែង​នេះ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន ជាមួយ​អង្គការ​ដៃគូ បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​។ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ បាន​ថ្លែងថា ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា (CECG) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ និង​អង្គការ​ផ្សេងៗ​ទៀត ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​ស្ថិរភាព​និង​ជំរុញឱ្យមាន​កំណើន​ចំនួន​ប្រភេទ​សត្វ​ដំរី​នេះ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យនៅ​គង់វង្ស​ត្រូវបាន​រៀបចំឡើង​សម្រាប់​រយៈពេល ១០​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយបាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន ៧ ក្នុងនោះ​រួមមាន​ទី​១៖ ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក​, ទី​២៖ អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ​, ទី​៣៖ ពង្រឹង​ការអនុវត្ត​ច្បាប់​, ទី​៤៖ បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម​, ទី​៥៖ បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ និង​មនុស្ស និង​ទី​៦៖ អប់រំ​ផ្សព្វផ្សាយ ទី​៧៖ សិក្សា​ស្រាវជ្រាវ​និង​តាមដាន​ត្រួតពិនិត្យ​ចំនួន​ដំរី​អាស៊ី​។ តាមរយៈ​ផែនការ​សកម្មភាព​នេះ ក្រសួងបរិស្ថាន​និង​អង្គការ​ដៃគូ បាន​រកឃើញថា​ដំរី​ចាប់ផ្តើម​បង្ហាញ​វត្ត​មាននៅ​តំបន់​មួយចំនួន​ឡើងវិញ​ដូចជា​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជាដើម​។

​យោងតាម​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈ​ពេល ១០​ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែលជា​គម្រោង​ថវិកា​រំពឹងថា​នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បានបង្ហាញ​សុទិដ្ឋិនិយម​ថា​ជាមួយនឹង​ផែនការ​អភិរក្ស​សត្វ​ដំរី ការដោះស្រាយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី និង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ លើ​ការងារ​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ នោះ​នឹង​កាន់តែ​ធ្វើឱ្យ​ទីជម្រក​របស់​ស​ត្ច​ដំរី​កាន់​តែមាន សុវត្ថិភាព​រួម​នឹង​ការយល់ដឹង​និង​ការចូលរួម​អភិរក្ស​ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ​។ ក្រៅពី​ក្របខណ្ឌ​អភិរក្ស រាជរដ្ឋាភិបាល​កម្ពុជា​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​លើកឡើងថា គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវធ្វើ​ការងារ​រួមគ្នា​ដើម្បី​លុបបំបាត់​ការជួញដូរ​ខុសច្បាប់​នេះ​។​

​បន្ថែម​ពីនេះ​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា កម្ពុជា​បានរៀបចំ​យន្តការ ក៏ដូចជា​មានច្បាប់ និង​អនុវត្ត​ជាប្រចាំ​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ការជួញដូ​ច​សត្វព្រៃ​ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទល្មើស​ជាច្រើន ហើយ​រំដោះ​សត្វព្រៃ​ជាច្រើន​ពី​ក្រញាំដៃ​នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ក៏ដូចជា​ការផាកពិន័យ​ជា​ប្រាក់​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close