អាជ្ញាធរ​ខេត្តសៀមរាប ប្រកាស​ពី​ការរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ នៅ​ថ្ងៃទី​១៤ ខែសីហា​ខាងមុខនេះ​

​សៀមរាប​៖ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ខេត្តសៀមរាប បានប្រកាសថា គណៈកម្មាធិការ​ជិះ​កង់​ដើម្បី​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​សាយ​ភ្លើង ក្រុមហ៊ុន ចា​យ៉ា​ខេ​ត​ធើ​រីង ក្រុមហ៊ុន​ត្រា​វែ​ល​លូ​ប និង ហាង​លក់​ឬ​ជួល​កង់ អាំង គឹម​សាន្ដ នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ ឆ្នាំ​ទី​៨ ក្នុង​គោលបំណង​រៃអង្គាស​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែលជា​ការរួមចំណែក​ក្នុងការ​ជួយសង្គ្រោះ និង​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​ប្រទេសជាតិ​នាពេល​អនាគត​។​

​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ០៦៖០០​នាទី ដែល​ជួបជុំ​គា្ន​នៅ​ផ្លូវ ៦០​ម៉ែត្រ ហើយ​អាជ្ញាធរ​ខេត្តសៀមរាប ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រទាំង​អស់​ក្នុង​ខេត្ត សូម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ច្រើន​កុះករ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close